លោក ត្រាំ សម្រេចចុះហត្ថលេខាលើសេចក្តីប្រកាសទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែល
សហរដ្ឋអាម៉េរិក៖ ទីបំផុតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលើសេចក្តីប្រកាសមួយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយទទួលស្គាល់ការកាន់កាប់អធិបតេយ្យភាពរបស់អ៊ីស្រាអែល លើតំបន់ ហ្គោលែន ហេចស៍ ដែលផ្ទុយពីគោលនយោបាយសហរដ្ឋអាម៉េរិក ជាងពាក់កណ្តាលសតវត្សរ៍ស្តីពី តំបន់មជ្ឈិមបូព៌ា។
នាឱកាសនោះដែរ លោក ដូណាល់ ត្រាំ បាននិយាយថា វាដល់ពេលហើយសម្រាប់សហរដ្ឋអាម៉េរិក ដើម្បីចាត់វិធានការក្រោយពីការត្រួតត្រារបស់អ៊ីស្រាអែលលើតំបន់យុទ្ធសាស្ត្រនេះអស់រយៈពេល៥២ឆ្នាំ នៅតាមព្រំដែនជាមួយប្រទេសស៊ីរី។
ចំណាត់ការរបស់លោក ត្រាំ នេះដែរ ក៏ទំនងជាផ្តល់ឱ្យលោក ណឺតាន់យ៉ាហ៊ូ នូវការជំរុញផ្នែកនយោបាយផងដែរ នៅមុនការបោះឆ្នោតអ៊ីស្រាអែលដ៏ប្រកៀកប្រកិតខាងមុខនេះ។ ជាការឆ្លើយតប ស៊ីរី និងប្រទេសជិតខាងលីបង់បានប្រកាសជំទាស់នឹងចំណាត់ការនេះ ចំណែក កាណាដា និងតួកគី ក៏បានអះអាងដែរថា ពួកគេនឹងមិនធ្វើតាមសហរដ្ឋអាម៉េរិកឡើយ៕ធ.ដ