រុស្ស៊ីអះអាងជាថ្មីទៀតថា ខ្លួនមិនបានចូលជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០១៦ឡើយ
រុស្ស៊ី៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើការបដិសេធសាជាថ្មីទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការចូលជ្រៀតជ្រែករបស់រុស្ស៊ី ទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦ បើទោះបីជារដ្ឋអាជ្ញាពិសេសអាម៉េរិក លោក Robert Mueller បានសន្និដ្ឋានថា ទីក្រុងម៉ូស្គូបានចូលជ្រៀតជ្រែកក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌ មានអំពីគោលជំហររបស់ប្រទេសរុស្ស៊ីចំពោះបញ្ហានេះថា ប្រទេសរបស់លោកមិនបានចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។ លោកបានសង្កត់ធ្ងន់ថា ដូចយើងធ្លាប់បាននិយាយពីមុនមកហើយថា នេះជាការចោទប្រកាន់គ្មានមូលដ្ឋាន ហើយថា វាមិនខុសពីការស្វែករកសត្វឆ្មាខ្មៅនៅក្នុងបន្ទប់ ដែលងងឹតនោះទេ គឺវាពិបាកណាស់ ហើយអ្វីដែលពិសេសនោះ គឺថាគ្មានសត្វឆ្មានៅក្នុងបន្ទប់នោះទេ។
គួរបញ្ជាក់ផងដែរថា ការស៊ើបអង្កេតរយៈពេល២២ខែរបស់រដ្ឋអាជ្ញាពិសេសអាម៉េរិក បានសន្និដ្ឋានថា រុស្ស៊ីបានចូលក្លែងបន្លំព័ត៌មាននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបានចូលលួច E-mails របស់លោកស្រី Hillary Clinton គូប្រជែងខាងគណបក្សប្រជាធិបតេយ្យ ប៉ុន្តែការស៊ើបអង្កេតមិនបានរកឃើញថា លោក Trump និងក្រុមយុទ្ធនាការរបស់លោកបានឃុបឃិតជាមួយនឹងទីក្រុងមូស្គូទេ៕ធ.ដ