អាម៉េរិកដាក់កីឡា E-sports ចូលកម្មវិធីសិក្សាកម្រិតវិទ្យាល័យ៨រដ្ឋហើយ
បើតាមការផ្សាយរបស់ CNN Business បានឲ្យដឹងថា កីឡាអេឡិចត្រូនិក ឬ Esports ដែលជាប្រភេទកីឡារៀនតាមបច្ចេកវិទ្យា ត្រូវបានសហរដ្ឋអាម៉េរិកដាក់បញ្ចូលក្នុង កម្មវិធីសិក្សាកម្រិតវិទ្យាល័យចំនួន៨រដ្ឋហើយ។ ការដាក់បញ្ចូលបែបនេះ ដោយសារប្រភេទ កីឡា អេឡិចត្រូនិក គឺជាផ្នែកដ៏សំខាន់ដើម្បីបង្កើនសមត្ថភាពរបស់សិស្សានុសិស្ស និងយុវជនឲ្យរីកចម្រើន ទាន់សម័យកាលបច្ចេកវិទ្យាទំនើប។
មិនត្រឹមតែប៉ុណ្ណោះ កីឡាសម័យទំនើបនេះ ក៏កំពុងក្លាយជាកីឡាអាជីពពិតប្រាកដដែល ខណៈ ព្រឹត្តិការណ៍កីឡាធំទូទាំងពិភពលោកកំពុងត្រៀមខ្លួនដាក់ប្រកួតដណ្តើមមេដាយជាផ្លូវការដូចជា កីឡា អូឡាំពិកឆ្នាំ២០២០ប្រទេសចិន បានប្រកាសផ្លូវការហើយដាក់កីឡានេះចូលរួមប្រកួត។ កីឡាស៊ីហ្គេម ឆ្នាំ២០១៩នេះ នៅប្រទេសហ្វីលីពីនក៏ដាក់បញ្ចូលផ្លូវការដែរ។ តាមពិតទៅ Esports ជាកីឡាអាជីវកម្មដែលមានចរន្តទឹកប្រើជាសកលតែម្តង។ បើយោង តាមក្រុមហ៊ុន Newzoo បានឲ្យដឹងថា កីឡា Esports បានប្រតិបត្តិការជាសកលមានទឹកប្រាក់ សរុបជាង១ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០១៩នេះ។
សូមរំលឹកថា សហរដ្ឋអាម៉េរិក បានដាក់កីឡាអេឡិចត្រូនិកចូលកម្មវិធីសិក្សាកម្រិតវិទ្យាល័យ នៅរដ្ឋ Connecticut, Georgia, Kentucky, Massachusetts និង Rhode Island កាលពីឆ្នាំ២០១៨ ហើយដើមឆ្នាំ២០១៩នេះ សហព័ន្ធជាតិ នៃសមាគមវិទ្យាល័យរដ្ឋ (NFSHSA) បានឲ្យដឹងទៀតថា រដ្ឋ Alabama, Mississippi និង Texas Charter ក៏ត្រូវបានដាក់ដែរ។ បន្ទាប់ពីដាក់បញ្ចូល ការប្រកួតនឹងត្រូវធ្វើឡើងដោយកម្រិតវិទ្យាល័យ ប្រកួតនឹងក្រុមវិទ្យាល័យដូចគ្នាដែលចាប់ផ្តើមចុងខែមេសា និងបញ្ចប់នៅខែឧសភា៕ធ.ដ