ក្រុមអូទ្រីស ក្លាយជាជើងឯកផ្នែកបុរសប្រចាំខេត្តសៀមរាប នៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២
ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ ក្នុងក្របខ័ណ្ឌប្រកួត 2-Star World Tour សម្រាប់ផ្នែកបុរស នៅខេត្តសៀមរាប បានឈានដំណាក់កាលចុងក្រោយដ៏រំភើបរីករាយក្រៃលែងបំផុតកាលពីថ្ងៃទីអាទិត្យទី២៤ ខែមីនា នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។
ពិធីប្រគល់រង្វាន់ជូនក្រុមជ័យលាភីមានការអញ្ជើញចូលរួមពីឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោក Chris Liu នាយកផ្នែកបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) អ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ និងលោក ហ៊ុយ វុទ្ធី ប្រធានគ្រប់គ្រងកិច្ចការក្រុមហ៊ុន ស្រាបៀរអាន់ឆ័រ។ ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមីនា មានកីឡាករយុវជនឆ្នើមកម្ពុជា២ក្រុម និងបណ្តាប្រទេសជាច្រើនទូទាំងពិភពលោកចូលរួម ហើយជាលទ្ធផលក្រុមជ័យលាភី ផ្នែកបុរស ប្រចាំខេត្តសៀមរាប បានលើក្រុមអូទ្រីស ទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៤០០០ ដុល្លារអាម៉េរិក។
ក្រុមជើងឯករងបានទៅលើក្រុមរុស្ស៊ី (SIVOLAP/YARZUTKIN) ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៣០០០ ដុល្លារអាម៉េរិក និងលេខ៣ ក្រុមស្វីស (METRAL/HAUSSENER) ដែលទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ២០០០ ដុល្លារអាម៉េរិក។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះ មានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខ័ណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ ដើម្បីឈានរកទៅជើងឯកពិភពលោក។
សូមជម្រាបថា នេះជាព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្ដរជាតិស្រាបៀរអាន់ឆ័រលើកទី២ ដែលប្រារព្ធឡើងនៅក្នុងព្រះរាជាណាចកម្ពុជា ដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រ ក្រោមការគាំទ្រពីសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទះកម្ពុជា។ សូមបញ្ជាក់ថា កម្មវិធីប្រកួតនេះនឹងបន្តធ្វើនៅ៣ខេត្តផ្សេងទៀត គឺក្រុងប៉ោយប៉ែត នៅថ្ងៃទី៣០-៣១ ខែមីនា ខេត្តបាត់ដំបង នៅថ្ងៃទី៤-៧ ខែមេសា និងខេត្តកំពង់ចាម នៅថ្ងៃទី១៤ -១៦ ខែមេសា ជាមួយនឹងប្រាក់រង្វាន់សរុប ៦ម៉ឺនដុល្លារអាម៉េរិក ហើយក៏មានការប្រគុំតន្រ្តីពីតារាល្បីៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕ធ.ដ