ការប្រកាសលទ្ធផលបោះឆ្នោតនៅប្រទេសថៃ ត្រូវសម្រេចពន្យារពេលថែមទៀត
ថៃ៖ គណៈកម្មការបោះឆ្នោតជាតិថៃ បានធ្វើការពន្យារពេលជាថ្មីទៀត ដោយការប្រកាសលទ្ធផលបឋម នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ខណៈគណបក្សភឿថៃ បានប្រកាសថា ខ្លួនជាអ្នកទទួលបានជោគជ័យ ដោយទទួលបានអាសនៈច្រើនជាងគេនៅក្នុងសភា និងត្រៀមរៀបចំបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សនានា ដែលមានគោលដៅនយោបាយដូចខ្លួន។
ភាពភ្ញាក់ផ្អើល និងការសង្ស័យ បាននិងកំពុងកើតឡើង ក្រោយគណៈកម្មាការរៀបចំការបោះឆ្នោតថៃ បានពន្យារពេលប្រកាសលទ្ធផលបឋមរហូតដល់ម៉ោងប្រមាណ២៖០០នាទីរសៀលថ្ងៃចន្ទនេះវិញ ដែលបើតាមការគ្រោងទុកនោះ ការប្រកាសលទ្ធផលត្រូវធ្វើឡើងនៅម៉ោង១០៖០០នាទីព្រឹកថ្ងៃចន្ទដដែល។
បើទោះជាលទ្ធផលមិនទាន់ចេញផ្លូវការក៏ដោយ ក៏នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ទំនងជានឹងនៅតែបន្តកាន់តំណែងជាមេដឹកនាំប្រទេសថៃដដែល បន្ទាប់ពីចំនួនអាសនៈដែលគណបក្ស ផាឡាង ប្រាឆារ៉ាត (PPRP) ទទួលបានក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺលើសពីការរំពឹងរបស់មនុស្សគ្រប់គ្នា ទោះបីជាគណបក្សភឿថៃបានឈ្នះអសនៈច្រើនជាងគេក៏ដោយ។
សូមបញ្ជាក់ថា ប្រសិនបើក្រុមគណបក្សគាំទ្រប្រជាធិបតេយ្យដូចជា ភឿថៃ និង Future Forward ជាដើម មិនអាចប្រមូលផ្តុំអាសនៈបានយ៉ាងតិច២៥១សំឡេង ឬក៏ពាក់កណ្តាលនៃអាសនៈទាំង៥០០ទេនោះ គណបក្សភឿថៃ នឹងមិនងាយបង្កើតរដ្ឋាភិបាលចេញឡើយ ហើយគណបក្ស PPRP នឹងត្រូវក្លាយជាអ្នកបង្កើតរដ្ឋាភិបាលជំនួសវិញ ដោយសារតែមានអំណាចចរចាខ្លាំងជាងបក្សដទៃទៀត ដែលនេះជាប្រព័ន្ធបោះឆ្នោតរបស់ប្រទេសថៃ៕ធ.ដ