អង្គការសហប្រជាជាតិ សម្រេចលើកលែងការដាក់ទណ្ឌកម្មកូរ៉េខាងជើង ដើម្បីត្រួសត្រាយផ្លូវនាំយកជំនួយមនុស្សធម៌ទៅកាន់ទីនោះ
បើតាមប្រព័ន្ធផ្សព្វផ្សាយ KBS របស់កូរ៉េខាងត្បូង គណៈកម្មាធិការគ្រប់គ្រងទណ្ឌកម្មប្រឆាំងនឹងកួរ៉េខាងជើង នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC បានសម្រេចអនុម័តលើសំណើរមួយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ដើម្បីលើកលែងទណ្ឌកម្មឲ្យគណៈកម្មាធិការមជ្ឈិម Mennonite (MCC) ក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់កូរ៉េខាងជើង។
ការលើកលែងទណ្ឌកម្មនេះ នឹងអនុញ្ញាតឱ្យ MCC ដែលជាអង្គការផ្តល់ជំនួយសង្គ្រោះមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងកាណាដា អាចនាំយកគ្រឿងបរិក្ខារជាច្រើន ក្នុងនោះរួមមានសម្ភារអនាម័យ និងឧបករណ៍វះកាត់ចូលទៅក្នុងទឹកដីកូរ៉េខាងជើង ហើយបើតាមសារព័ត៌មានយ៉ុនហាប់ អង្គការនេះនឹងប្រគល់ឧបករណ៍វេជ្ជសាស្រ្តទៅឲ្យកូរ៉េខាងជើង នាអំឡុងដំណើរទស្សនកិច្ចត្រួតពិនិត្យមួយនៅក្នុងខែឧសភាខាងមុខនេះ។
សូមបញ្ជាក់ថា គណៈកម្មាធិការនេះ បានអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញកាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ ហើយការអនុម័តនេះដែរ ក៏បានដាក់បញ្ចូលបន្ថែមទាំងការលើកលែងការផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២១ ខែមីនានេះផងដែរ ហើយការលើកលែងទណ្ឌកម្មនេះ មានសុពលភាពរយៈពេល៦ខែ៕ធ.ដ