ប្រធានាធិបតីតួកគីថ្លែងថា នឹងលើកយកបញ្ហាតំបន់ Golan Heights ទៅកាន់អង្គការសហប្រជាជាតិ
តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បានថ្លែងនៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា ប្រទេសរបស់លោកនឹងលើកយកបញ្ហានៃការទទួលស្គាល់របស់សហរដ្ឋអាម៉េរិកនូវអធិបតេយ្យភាពរបស់អ៊ីស្រាអែល ទៅលើតំបន់ ហ្គោឡេន ហេចស៍ ទៅកាន់អង្គការសហប្រជាជាតិ។ ការអះអាងរបស់មេដឹកនាំតួកគីរូបនេះ ធ្វើឡើងបន្ទាប់ពីបានព្រមានប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា ការទទួលស្គាល់តំបន់ ហ្គោឡេន ហេចស៍ ជារបស់អ៊ីស្រាអែលផ្ដាច់មុខ នឹងនាំតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលក្នុងវិបត្តិថ្មីមួយ។
ចំណែកឯក្រសួងការបរទេសស៊ីរី ក៏បានថ្កោលទោសការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ផងដែរថា ជាការគ្មានទទួលខុសត្រូវ។ យ៉ាងណាមិញកាលពីថ្ងៃអាទិត្យម្សិលមិញនេះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក ខាត់ ធ្វីត បានគូសបញ្ជាក់ថា លោក ត្រាំ នឹងចុះហត្ថលេខាលើឯកសារផ្លូវការមួយ ដើម្បីទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ ហ្គោឡេន ហេចស៍ នៅពេលដែលលោកជួបជាមួយលោក ណឺតាន់យ៉ាហ៊ូ នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃច័ន្ទដើមសប្តាហ៍នេះ៕ម.ន