គ្រូបង្រៀននៅប្រទេសកេនយ៉ាម្នាក់ឈ្នះរង្វាន់១លានដុល្លារអាម៉េរិក ព្រោះតែលះបង់ខ្ពស់សម្រាប់សិស្សក្រីក្រ
គ្រូបង្រៀនគណិតវិទ្យា និងរូបវិទ្យាម្នាក់មកពីសាលារៀនក្នុងភូមិដាច់ស្រយាលនៃប្រទេសកេនយ៉ា បានឈ្នះរង្វាន់១លានដុល្លារអាម៉េរិក ពីកម្មវិធីពានរង្វាន់គ្រូបង្រៀនពិភពលោក (Global Teacher Prize) សម្រាប់ឆ្នាំ២០១៩ នេះបើតាមការរៀបចំកម្មវិធីចេញផ្សាយដោយសារព័ត៌មាន Channelnewsasia។
លោក Peter Tabichi ដែលត្រូវអ្នករៀបចំកម្មវិធីអះអាងថា លោកតែងតែផ្តល់ប្រាក់ខែ៨០ភាគរយទៅដល់អ្នកក្រីក្រនោះ ទីបំផុតទៅ បានទទួលរង្វាន់១លានដុល្លាអាម៉េរិកនេះ ដោយពិធីប្រគល់ និងទទួលធ្វើឡើង នៅក្រុងឌូបៃ កាលពីថ្ងៃសៅរ៍ ទី២៣ មីនា រៀបចំឡើងដោយតារាភាពយន្តហូលីវូត Hugh Jackman។
លោកគ្រូ Tabichi បាននិយាយថា «រាល់ថ្ងៃនៅអាហ៊្វ្រិក ពួកយើងត្រលប់មករកទំព័រថ្មី និងសករាជថ្មី ពានរង្វាន់នេះមិនមែនទទួលស្គាល់ខ្លួនខ្ញុំថាអស្ចារ្យទេ វាគឺជាការទទួលស្គាល់ស្រទាប់ យុវជនដ៏អស្ចារ្យ។ ខ្ញុំមកទីនេះគឺដោយសារតែសិស្សៗរបស់ខ្ញុំសម្រេចជោគជ័យរបស់ពួកគាត់» លោកបន្ថែមទៀតថា «ប្រាក់រង្វាន់នេះវាផ្តល់ឲ្យពួកគេនូវឱកាសបង្ហាញពិភពលោកថា ពួកគេអាចធ្វើអ្វីៗបាន»។ ប្រធានាធិបតីប្រទេសកេនយ៉ា Uhuru Kenyatta បានសម្តែងនូវការអបអរសាទរចំពោះលោកគ្រូ Tabichi តាមរយៈវីដេអូមួយដោយបញ្ជាក់ថា «រឿងរ៉ាវរបស់អ្នកគឺ ជារឿងរ៉ាវរបស់អាហ៊្វ្រិក ជាទ្វីបថ្មីមួយដែលសម្បូរដោយទេព្យកោសល្យ» ។
គួរបញ្ជាក់ថា លោកគ្រូបង្រៀននៅសាលារៀនក្រីក្រវ័យ៣៦ឆ្នាំរូបនេះ ទទួលបានប្រាក់រង្វាន់១លានដុល្លារអាម៉េរិកនេះ ក្រោយយកឈ្នះបេក្ខជនវគ្គចុងក្រោយ៩នាក់ផ្សេងៗទៀត មកពីជុំវិញ ពិភពលោក។ លោក Tabichi បង្រៀននៅសាលារៀនមួយ នៅភូមិ Pwani ក្នុងតំបន់ដាច់ស្រយាលមួយ នៃប្រទេសកេនយ៉ា Rift Valley ជាតំបន់តែងតែជួបភាពរាំងស្ងួត និង មិនសូវមាន អាហារបរិភោគ។ សិស្សប្រមាណ៩៥ភាគរយ គឺមកពីគ្រួសារក្រីក្រ ក្រៅពីនេះក៏សម្បូរក្មេងកំព្រាដែរ។ សិស្សមួយចំនួនត្រូវដើរដោយថ្មើរជើង៧គីឡូម៉ែត្រ ទើបដល់សាលារៀន ដោយពេលខ្លះ ដើរមិនបានដោយសារតែភ្លៀងពេលរដូវវស្សា៕ធ.ដ