ប្រធានាធិបតីសហរដ្ឋអាម៉េរិកបញ្ជាឲ្យដកទណ្ឌកម្មពីកូរ៉េខាងជើងវិញ
សហរដ្ឋអាម៉េរិក៖ តាមរយៈបណ្តាញសង្គមធ្វីតធើផ្លូវការរបស់ខ្លួន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ បានចេញបញ្ជាឲ្យលុបចោលកញ្ចប់ទណ្ឌកម្មថ្មី ដែលក្រសួងរតនាគារជាតិអាម៉េរិកទើបប្រកាសដាក់បន្ថែមទៅលើកូរ៉េខាងជើង។
ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ បានលើកឡើងថា លោក ត្រាំ ចូលចិត្តលោក គីម ហើយលោកគិតថា ការដាក់ទណ្ឌកម្មបន្ថែមបែបនេះ គឺជារឿងមិនចាំបាច់នោះឡើយ ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ច្បាស់ថា លោក ត្រាំ ចង់និយាយពីកញ្ចប់ទណ្ឌកម្មណាមួយឲ្យប្រាកដឡើយ។
សូមរំលឹកថា ក្រសួងរតនាគារជាតិអាម៉េរិក នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មចុងក្រោយមួយទៀត ដែលជាសញ្ញាថ្មីលើកដំបូងគិតចាប់តាំងតែពីកិច្ចប្រជុំរវាងលោក ត្រាំ និង លោក គីម នៅវៀតណាម បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ហើយនៅក្នុងកញ្ចប់ទណ្ឌកម្មថ្មីនោះបានចោទក្រុមហ៊ុនចិនចំនួនពីរថា បានលួចដឹកនាំប្រេងជាង៦០កប៉ាល់ឲ្យទៅកូរ៉េខាងជើង និងដោះដូរមកវិញនូវធ្យូងថ្ម៕ធ.ដ