សហរដ្ឋអាម៉េរិកសម្រេចដាក់ទណ្ឌកម្មថ្មីទៀតប្រឆំាងនឹងអ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីទៀតប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ខណៈចំណាត់ការនេះ ធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោកម៉ៃ ប៉ុមប៉េអូ បានថ្កោលទោសឥទ្ធិពលកើនឡើងខ្លាំងរបស់អ៊ីរ៉ង់ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីបង់។
បើតាមក្រសួងរតនាគារអាម៉េរិក ការដាក់ទណ្ឌកម្មនេះ ផ្តោតទៅលើអ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និងក្រុមហ៊ុនអ៊ីរ៉ង់ចំនួន៣១ ដែលជាប់ទាក់ទងជាមួយអង្គភាពអភិវឌ្ឍន៍ និងការពារជាតិអ៊ីរ៉ង់ ដែលបានឈានមុខគេនៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្លាមមួយនេះ។ ដោយឡែកមនុស្ស១៤នាក់ផ្សេងទៀតរួមទាំងប្រធានអង្គការ និងសាខាប្រតិបត្ដិការចំនួន១៧ ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មថ្មីនេះដែរ។ ការដាក់ទណ្ឌកម្មថ្មីនេះដែរ នឹងបង្កករាល់ទ្រព្យសម្បត្តិ ដែលគោលដៅទាំងអស់នោះ អាចមាននៅក្នុងដែនសមត្ថកិច្ចរបស់សហរដ្ឋអាម៉េរិក និងរារាំងជនជាតិអាម៉េរិកពីការធ្វើប្រតិបត្តិការណាមួយជាមួយពួកគេ៕ធ.ដ