អឺរ៉ុប និងអង់គ្លេសព្រមព្រៀងគ្នាលើការពន្យារពេល Brexit ក្នុងរយៈពេលខ្លី
បែលហ្ស៊ិក៖ នីតិវិធីនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ត្រូវសម្រេចពន្យារពេលដែលមានរយៈពេលខ្លី បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងបណ្តាថ្នាក់ដឹកនាំអឺរ៉ុប និង នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May។
បើតាមការគ្រោងទុកនោះ នៅថ្ងៃទី២៩ ខែមីនានេះ អង់គ្លេសនឹងត្រូវដកខ្លួនចេញពីអឺរ៉ុប ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀង Brexit នៅតែមិនអាចទទួលបានសច្ចាប័នពីសភាអង់គ្លេងនោះ លោកស្រី May ក៏បានសម្រេចស្នើមកកាន់សហភាពអឺរ៉ុប ដើម្បីសុំពន្យារពេលរយៈពេលខ្លី។ ឆ្លើយតបទៅនឹងសំណើនេះ ថ្នាក់ដឹកនាំអឺរ៉ុប បានផ្តល់ជម្រើសពីរ គឺទីមួយ គឺការចែកផ្លូវគ្នាអាចពន្យារពេលរហូតដល់ថ្ងៃទី២២ ខែឧសភា ប្រសិនបើសភារបស់អង់គ្លេស យល់ព្រមទទួលយកកិច្ចព្រមព្រៀង Brexit របស់លោកស្រី May នៅសប្តាហ៍ក្រោយ។
ផ្ទុយទៅវិញ បើសភាអង់គ្លេសនៅតែទាត់កិច្ចព្រមព្រៀងចោលដូចខ្លួនបានធ្វើពីរលើករួចមកហើយទៀតនោះ ថ្ងៃកំណត់ Brexit នឹងពន្យារទៅត្រឹមថ្ងៃទី១២ ខែមេសាវិញ លុះត្រាតែ ក្នុងចន្លោះពេលនោះ គឺមុនដល់ថ្ងៃកំណត់ទី១២ ខែមេសា អង់គ្លេសសម្រេចចូលរួមរៀបចំការបោះឆ្នោតសភាអឺរ៉ុបនៅឆ្នាំនេះ ប៉ុន្តែលោកស្រី May បានទទូចថា វាហាក់ពុំមែនជារឿងត្រឹមត្រូវឡើយ៕ធ.ដ