វៀតណាមខឹងសម្បារជាខ្លាំង ជុំវិញការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់ នៅសមុទ្រចិនខាងត្បូង
វៀតណាម៖ រដ្ឋាភិបាលវៀតណាមបានរិះគន់យ៉ាងខ្លាំង ប្រឆាំងនឹងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់ នៅជិតកោះ អ៊ីទូ អាបា (Itu Aba) នៅប្រជុំកោះ ស្ព្រេតលី (Spratly) ឬ ហៅថា ប្រជុំកោះ ទ្រុង សា (Truong Sa) ដោយអះអាងថា វាជាការរំលោភយ៉ាងធ្ងន់លើអធិបតេយ្យភាពរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងថា ការពិតនោះគឺថា ទោះបីជាមានការតវ៉ាពីវៀតណាមក៏ដោយ ក៏តៃវ៉ាន់នៅតែធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រនេះ នៅជុំវិញកោះ បា ប៊ិន (Ba Binh) ឬ កោះ អ៊ីទូ អាបា (Itu Aba) នៅប្រជុំកោះ ទ្រុង សា (Truong Sa) របស់វៀតណាម ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់លើអធិបតេយ្យភាពរបស់ខ្លួន លើប្រជុំកោះនេះ។
កងឆ្មាំសមុទ្រតៃវ៉ាន់បានប្រកាសកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ដើម្បីធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ អ៊ីទូ អាបា (Itu Aba) ដោយចាប់ពីថ្ងៃទី២០ ដល់ទី២១ខែមីនា ដោយប្រើកាំភ្លើងធំអាវុធប្រឆាំងយន្តហោះ និងអាវុធប្រឆាំងរថក្រោះ។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមដដែល បានសង្កត់ធ្ងន់ថា វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភ័ស្តុតាងប្រវត្តិសាស្ត្រ ដើម្បីអះអាងអំពីអធិបតេយ្យភាពដែលមិនអាចប្រកែកបាននៅលើប្រជុំកោះ ស្ព្រេតលី (Spratly) និង ផារ៉ាសែល (Paracel) ដោយស្របតាមច្បាប់អន្តរជាតិ៕ធ.ដ