អង្គការអវកាសរុស្ស៊ីអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយអង្គការ NASAរបស់សហរដ្ឋអាម៉េរិក
រុស្ស៊ី៖ តាមរយៈបណ្តាញសង្គមធ្វីតធើផ្លូវការរបស់ខ្លួន ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន បានបញ្ជាក់ថា ខ្លួនត្រៀមរួចជាស្រេចហើយ ដើម្បីបន្តជួយសហរដ្ឋអាម៉េរិក ប្រសិនបើការធ្វើតេស្តយានថ្មីសម្រាប់ដឹកមនុស្សឡើងទៅកាន់ទីអវកាសរបស់អាមេរិកត្រូវជួបការពន្យារពេល។ លោកបាននិយាយទៀតថា យើងយល់ស្របចំពោះសំណើរបស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA ក្នុងការប្រើប្រាស់ទាំងយានអវកាសរបស់រុស្ស៊ី និងរបស់សហរដ្ឋអាម៉េរិកផ្ទាល់នាពេលអនាគត ដើម្បីនាំយកក្រុមអវកាសយានិកចម្រុះឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។
ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ទីភ្នាក់ងារអវកាសអាម៉េរិក NASA កំពុងពិចារណាលើលទ្ធភាពចុះកិច្ចសន្យាជាមួយ Roscosmos ដើម្បីអាចបន្តប្រើប្រាស់យានអវកាស Soyuz របស់រុស្ស៊ី ដឹកអវកាសយានិក០២នាក់ ឡើងទៅកាន់ស្ថានីយ ISS ក្នុងចន្លោះឆ្នាំនេះ និងឆ្នាំ២០២០។
ជម្រើសនេះកំពុងស្ថិតក្រោមពិចារណា ដើម្បីទុកជាផែនការបម្រុងក្នុងករណីមានបញ្ហាណាមួយកើតឡើងក្នុងការធ្វើតេស្តយាន Dragon 2 របស់ SpaceX និងយាន Starliner របស់ Boeing ដែលសុទ្ធតែកំពុងអភិវឌ្ឍន៍យាន ដើម្បីដឹកជញ្ជូនមនុស្សឡើងទីអវកាស នៅក្រោមកិច្ចសន្យាជាមួយអង្គការ NASA។ យានទាំង២គ្រឿងនេះ ត្រូវគេរំពឹងថា នឹងធ្វើការសាកល្បងដឹកមនុស្សនៅក្នុងឆ្នាំ២០១៩នេះ៕ធ.ដ