លោក ត្រាំ៖ សហរដ្ឋអាម៉េរិកគួរតែទទួលស្គាល់តំបន់ Golan Heights ដ៏ចម្រូងចម្រាសជារបស់អ៊ីស្រាអែល
សហរដ្ឋអាម៉េរិក៖ តាមរយៈបណ្តាញសង្គមធ្វីតធើ នៅថ្ងៃព្រហស្បត្តិ៍នេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែចេញមុខទទួលស្គាល់តំបន់ ហ្គោលឡេន ហេចស៍ ជារបស់អ៊ីស្រាអែលដោយពេញសិទ្ធិ។ លោកបានបញ្ជាក់បន្ថែមទៀតថា តំបន់ ហ្គោលឡេន ហេចស៍ មានសារៈសំខាន់ជាខ្លាំងខាងផ្នែកយុទ្ធសាស្រ្ត និងសន្តិសុខសម្រាប់ប្រទេសអ៊ីស្រាអែល ក៏ដូចជាសម្រាប់ស្ថិរភាពនៅក្នុងតំបន់ទាំងមូល។ យ៉ាងណាមិញ ការទទួលស្គាល់តំបន់នេះជារបស់អ៊ីស្រាអែលស្របច្បាប់ ពីសំណាក់សហរដ្ឋអាម៉េរិកតែឯងនេះ ទំនងជាបង្កការផ្ទុះកំហឹង និងការថ្កោលទោសពីសំណាក់ប្រទេសដែលពាក់ព័ន្ធ។
សូមរំលឹកថា តំបន់ ហ្គោលឡេន ហេចស៍ គឺជាផ្នែកមួយរបស់ស៊ីរី ប៉ុន្តែបន្ទាប់មកក៏ត្រូវបានអ៊ីស្រាអែលចូលកាន់កាប់នាអំឡុងសង្រ្គាមនៅមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ ហើយបច្ចុប្បន្នដែនដីមួយចំណែកធំនៃតំបន់នេះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ប៉ុន្តែពុំទាន់មានការទទួលស្គាល់ពីអន្តរជាតិនៅឡើយទេ៕ម.ន