វៀតណាមកំពុងទទួលរងការគំរាមកំហែងខ្លំាងដោយសារជំងឺប៉េស្តជូ្រកអាហ៊្វ្រិក
វៀតណាម៖ ជំងឺប៉េស្តជ្រូកអាហ៊្វ្រិក ASF បាននិងកំពុងរីករាលដាលក្នុងទីក្រុង និងខេត្តសរុបចំនួន១៩ហើយនៅវៀតណាម ក្នុងគ្រាដែលសត្វជ្រូកជិត៣៤,៨០០ក្បាលត្រូវបានសម្លាប់ចោល នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានសុខភាពសត្វវៀតណាម។ ជំងឺប៉េស្តជ្រូកអាហ៊្វ្រិក គឺជាជំងឺឆ្លងធ្ងន់ធ្ងរមួយ ដែលប៉ះពាល់លើជ្រូកស្រុក និងជ្រូកព្រៃ ដែលអាចរីករាលដាលតាមរយៈសត្វជ្រូកងាប់ ឬរស់ ព្រមទាំងផលិត ផលសាច់ជ្រូក ប៉ុន្តែបើតាមអង្គការសុខភាពសត្វពិភពលោក OIE ជំងឺនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ គឺវាកើតឡើងចំពោះតែសត្វជ្រូកប៉ុណ្ណោះ បើទោះវានៅពុំទាន់មានថ្នាំបង្ការក៏ដោយ។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលវៀតណាមបានបង្កើតគណៈកម្មាធិការជាតិមួយ ដើម្បីទទួលបន្ទុកទប់ស្កាត់ និងព្យាយាមប្រយុទ្ធប្រឆាំងជំងឺប៉េស្តជ្រូកអាហ៊្វ្រិកនេះ ក្រោមការដឹកនាំរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ចំនែកឯរដ្ឋាភិបាលឡាវក៏បានដាក់ចេញនូវវិធានការជាច្រើន សំដៅទប់ស្កាត់និងបង្ការជំងឺប៉េស្តជ្រូកអាហ៊្វ្រិកនេះផងដែរ៕ម.ន