ផែនការសំខាន់ៗត្រូវបានលើកយកមកពិភាគ្សា ដើម្បីឈានទៅសម្រេចគោលដៅ នៅស៊ីហ្គេម ២០២៣ របស់សហព័ន្ធកីឡាវាយសីដាក់

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល បានដាក់ចេញនូវផែនការអភិវឌ្ឍសំខាន់ៗ ដូចជា ពង្រឹងគុណភាព និងសមត្ថភាពចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ បញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់នៅបរទេស ពង្រឹងសមត្ថភាព អាជ្ញាកណ្តាល ចៅក្រម គណៈកម្មការរៀបចំការប្រកួត និងតែងតាំងទីប្រឹក្សាជំនាញៗកៀងគរស្វែងរកការឧបត្ថម្ភគាំទ្រ។ ការថ្លែងបែបនេះ ធ្វើក្នុងអង្គសន្និបាត កាលពីល្ងាចម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីឈានទៅរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខនេះ ឲ្យទទួលបានជោគជ័យ។

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធ បានបញ្ជាក់ថា ផែនការខាងលើនេះ ត្រូវមានការចូលរួម និងយកចិត្តទុកដាក់ចាប់ពីឆ្នាំ២០១៩នេះតទៅ និងឆ្នាំបន្តបន្ទាប់ ដោយតាមដានការហ្វឹកហាត់កីឡាករ កីឡាការិនី ទាំងនៅសហព័ន្ធ និងតាមបណ្ដាក្លប ដើម្បីពង្រឹងគុណភាព និងសមត្ថភាពចូលរួមប្រកួត ប្រជែងលើឆាកអន្ដរជាតិ ឆ្ពោះទៅឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តមបានលើកឡើង នូវសមិទ្ធផលឆ្នាំចាស់ ដែលសហព័ន្ធកីឡាវាយសីកម្ពុជា សម្រេចបានលទ្ធផលធំៗមួយចំនួន ដែលមានការកើនឡើងទាំងបច្ចេកទេស និងធនធានកីឡាករ កីឡាការិនី។ ជាក់ស្តែងឆ្នាំ២០១៨ កីឡាវាយសីកម្ពុជា បានលេចធ្លោលើឆាកអន្ដរជាតិ ក្រោយកីឡាករ វ៉ាត វណ្ណធន់ ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសាជាក្រុមចម្រុះជាតិសាសន៍ នៃព្រឹត្តិការណ៍អូឡាំពិកយុវជន លើកទី៣ នៅប្រទេសអាហ្សង់ទីន។

សូមបញ្ជាក់ថា អង្គមហាសន្និបាត ក៏បានប្រកាសបញ្ជូលសមាសភាពសមាជិកចំនួន២រូប គឺលោក សុខ ប៉ាង បានទទួលការគាំទ្រធ្វើជាសមាជិកប្រតិបត្តិថ្មី និងជាអគ្គលេខាធិការសហព័ន្ធ ជំនួស លោក ស្ដើង ជា ដែលបានប្រកាសលាលែង និងឧកញ៉ា អ៊ឹម ភាន់សុផល ត្រូវបានប្រកាសតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ។ សមាជិកប្រតិបត្តិថ្មី២រូបនេះ ត្រូវបានប្រធានសហព័ន្ធ ចាត់ទុកថា ជាចលករដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវាយសីកម្ពុជា ឲ្យកាន់តែរីកចម្រើនផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner