រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងពីការយកចិត្តទុកដាក់លើវិស័យបរិស្ថាន ដើម្បីទីក្រុងមានការរស់នៅប្រកបដោយបរិស្ថានល្អប្រសើរ និងការអភិវឌ្ឍដោយចីរភាព

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ អគារពាណិជ្ជកម្ម ឈីហ្វ ថថៅវើ (Chief Tower) ដែលមានកម្ពស់៤០ជាន់ នារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានបញ្ជាក់ឲ្យដឹងថា ក្រសួងបរិស្ថាន កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញចលនាប្រឡងប្រណាំងទីក្រុងឈានមុខ គម្រោងទីក្រុងបៃតង ការគ្រប់គ្រងសំរាម សំណល់រឹង-រាវ ការរៀបចំអាងប្រព្រឹត្ដកម្ម ការគ្រប់គ្រងការបំពុលខ្យល់ ការរៀបចំសួនច្បារបៃតង ការសន្សំសំចៃថាមពល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង។ ឯកឧត្តម បានបញ្ជាក់ដែរថា ក្រសួងក៏កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការការគ្រប់គ្រងវិស័យបរិស្ថាននេះឱ្យបានល្អប្រសើរ ដែលបង្កលក្ខណៈឲ្យមានបរិស្ថាននៃការរស់នៅ និងការអភិវឌ្ឍដោយចីរភាព»។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានខិតខំលើកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្ម ស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប និងកែលម្អនូវក្របខណ្ឌច្បាប់ និងគោលនយោបាយជាបន្ដបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូ កាន់តែប្រសើរជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ក្នុងការលើកកម្ពស់អនុលោមភាពទៅតាមច្បាប់ និងលិខិតបទដ្ឋាននានានៅកម្ពុជា។ ក្នុងន័យនេះ ក្រសួង បាននិងកំពុងកសាង ព្រមទាំងពង្រឹងការអនុវត្ដនូវលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនានា ដូចជាការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក និងថង់ប្លាស្ទិក ព្រមទាំងការអនុវត្ដ «ផែនការយុទ្ធសាស្ដ្រទីក្រុងបៃតងសម្រាប់រាជធានីភ្នំពេញ ២០១៦-២០២៥» ផងដែរ។
សម្រាប់នីតិកាលទី៦នេះ រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤» បន្ដពីយុទ្ធសាស្ដ្រចតុកោណដ៏ជោគជ័យ ចំនួន៣ដំណាក់កាលកន្លងទៅ ដោយក្នុងនោះ ការបន្ដរក្សាឲ្យនូវសុខសន្ដិភាព ស្ថិរភាព នយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យពិតប្រាកដ ដែលធានាដ៏រឹងមាំបំផុត សម្រាប់ការវិនិយោគឯកជន ក៏ដូចការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner