ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកកោះហៅថ្នាក់ដឹកនាំក្រុមហ៊ុន Boeing ផ្តល់សក្ខីកម្ម ជុំវិញករណីធ្លាក់យន្តហោះ 737 MAX 8 ទាំងពីរលើក
សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃពុធនេះ បានកោះហៅបណ្តាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ប៊ូអ៊ីង ឲ្យចូលផ្តល់សក្ខីកម្ម ពាក់ព័ន្ធនឹងករណីធ្លាក់យន្ត ហោះ 737 MAX 8 ចំនួនពីរគ្រឿងក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ។
នេះគឺជាលើកដំបូងហើយ ដែលគណៈកម្មាធិការនៃព្រឹទ្ធសភាអាម៉េរិក បានកោះហៅថ្នាក់ដឹកនាំ Boeing ឲ្យចូលបង្ហាញខ្លួន ដើម្បីសាកសួរនាំអំពីការធ្លាក់យន្តហោះដឹកអ្នកដំណើរ 737 MAX 8 ដែលបានកើតមានមួយលើកកាលពីខែតុលា ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី និងមួយលើកទៀតកាលពីថ្ងៃទី១០ ខែមីនា នៅអេត្យូពី ប៉ុន្តែមិនមានការបញ្ជាក់ថា ការផ្តល់សក្ខីកម្មនេះ នឹងរៀបចំឡើងនៅថ្ងៃណាឲ្យប្រាកដនៅឡើយទេ។
ដោយឡែក នៅថ្ងៃទី២៧ ខែមីនាខាងមុខ អនុគណៈកម្មធិការពាណិជ្ជកម្មនៃព្រឹទ្ធសភាអាម៉េរិកទទួលបន្ទុកផ្នែកអាកាសចរណ៍ និងអវកាសដដែល ក៏នឹងធ្វើការសួរនាំទៅលើក្រុមមន្រ្តីនៃអាជ្ញាធរអាកាសចរណ៍អាម៉េរិក FAA ផងដែរ ហើយសំណួរអាចពាក់ព័ន្ធថា ហេតុអ្វីបានជាស្ថាប័នត្រួតពិនិត្យផ្នែកអាកាសចរណ៍នេះ បានយល់ព្រមផ្តល់ការអនុញ្ញាតឲ្យយន្តហោះ 737 MAX 8 ហោះហើរ កាលពីខែមីនា ឆ្នាំ២០១៧ ដោយមិនតម្រូវឲ្យមានការបំពាក់បំប៉នសមត្ថភាពគ្រប់ជ្រុងជ្រោយបន្ថែមសម្រាប់អាកាសយានិក៕ធ.ដ