លិចសាឡង់ដឹកមនុស្សលើសចំណុះមួយគ្រឿងនៅភាគខាងជើងអ៊ីរ៉ាក់ ស្លាប់៤៥នាក់
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ាក់៖ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍តនេះថា មនុស្សចំនួន៤៥នាក់ បានបាត់បង់ជីវិត នៅពេលសាឡង់ដឹកអ្នកដំណើរលើសចំណុះមួយគ្រឿង បានលិចនៅលើដងទន្លេ Tigris ក្បែរទីក្រុងម៉ូស៊ូលភាគខាងជើងប្រទេស។
បើតាមប្រធានអាជ្ញាធរការពារជនស៊ីវិលនៃទីក្រុងម៉ូស៊ូល លោក Husam Khalil សាឡង់ខាងលើនេះ អាចមានដឹកមនុស្សប្រមាណជា២០០នាក់ ដែលភាគច្រើនជាស្រ្តី និងកុមារ ហើយអ្នកស្លាប់ភាគច្រើនក៏ជាស្រ្តី និងកុមារផងដែរ ដែលពុំចេះហែលទឹក ខណៈដងទន្លេ Tigris ជាទីដែលសាឡង់បានលិចនោះ មានទឹកហូរក្នុងល្បឿនយ៉ាងលឿនថែមទៀតផង។
សូមជម្រាបថា ក្រុមជួយសង្រ្គោះកំពុងប្រឹងប្រែងយ៉ាងសកម្ម ដើម្បីបន្តស្រង់ជនរងគ្រោះចេញពីទឹកទន្លេ ខណៈមនុស្សប្រហែល៣០នាក់ ត្រូវបាននាំយកចេញពីក្នុងផ្ទៃទឹកដោយសុវត្ថិភាព៕ធ.ដ