កងទ័ពមួកខៀវកម្ពុជា បានបញ្ចប់បេសកកម្មរក្សាសន្តិភាពដោយជោគជ័យ នៅសាធារណរដ្ឋលីបង់
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកងវិស្វកម្មលេខ៩៦៣ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ដែលបានប្រារព្ធធ្វើឡើងនៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តីនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាពរបស់កងវិស្វកម្ម លេខ៩៦៣ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់ខ្លួនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់ គឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយទទួលខុសត្រូវខ្ពស់ចំពោះក្រសួងការពារជាតិ គណៈកម្មការជាតិ មជ្ឈមណ្ឌលជាតិ និងគ្រប់កងឯកភាព ក្នុងកងយោធពលខេរភូមិន្ទ ដែលបានរួមគ្នារៀបចំនៅគ្រប់ផ្នែកដល់កងរក្សាសន្តិភាពនៅតាមនិយាមរបស់ងអ្គការសហប្រជាជាតិ។
នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលលើវិស័យរក្សាសន្តិភាព។ សមេ្តចក៏បានកោតសរសើរចំពោះស្នាដៃដ៏ធំធេងដែលកងទ័ពមួកខៀវកម្ពុជាសម្រេចបាន ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធ៌មនៅលើពិភពលោក។
យោងតាមរបាយការណ៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឱ្យដឹងថា ក្នុងរយៈពេលជាង១២ឆ្នាំនេះ កម្ពុជាបន្តទទួលបានស្នាដៃធំធេងជាបន្តបន្ទាប់ ស្នាដៃធំៗមួយចំនួនដូចជា៖ ការដោះមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្តេក-សំណង់បញ្ឈរ ពិសេសការជីកអណ្តូងទឹកស្អាត ដោយកម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់។ ព្រមជាមួយគ្នានោះ ការវាយតម្លៃរបស់ អ.ស.ប រៀងរាល់ត្រីមាសនៃការបញ្ជូនកងទ័ពមួកខៀវ កាលពីខែសីហា ឆ្នាំ២០១៨ កម្ពុជាទទួលបានលំដាប់លេខ២៩ ក្នុងចំណោម១២៤ ប្រទេសដែលកំពុងបរិច្ចាគកម្លាំងចូលរួមបេសកកម្ម និងលំដាប់ថ្នាក់លេខ២ ក្នុងបណ្តាសហគមន៍អាស៊ាន ដែលបានបញ្ជូនយោធិននារីទៅកាន់តំបន់បេសកកម្ម។
គួររំលឹកថា បើគិតតាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅបំពេញបេសកកម្មនៅក្រៅប្រទេស មានចំនួន ៥,៥៧១នាក់ហើយ ក្នុងនោះមានស្រ្តីចំនួន២៦៤នាក់ ផងដែរ។ ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវទៅនោះ មានដូចជាប្រទេសអាហ៊្វ្រិកណ្តាល ស៊ូដង់ ស៊ូដង់ខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឺស និងម៉ាលី៕ធ.ដ