ប្រាក់រង្វាន់លើកទឹកចិត្តជិត៥០០លានរៀល ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជ័យលាភី នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ និងគុនដាវជើងឯកអាស៊ីអាគ្នេយ៍២០១៨
ប្រាក់រង្វាន់លើកទឹកចិត្តជិត៥០០លានរៀល ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជ័យលាភីនៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ និងគុនដាវជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯ ឧ ស សុខា រដ្ឋលេខាធិការ តំណាង ឯ ឧ ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅអគារមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា បានអោយដឹងថា ប្រាក់រង្វាន់ខាងលើផ្តល់អត្តពលិកកីឡាវូវីណាម ២៤នាក់ ដែលដណ្តើម មេដាយសរុប ២៦គ្រឿង ក្នុងនោះមេដាយមាស៦ ប្រាក់៦ និងសំរិទ្ធ១៤ ពីការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែ សីហា ឆ្នាំ២០១៨កន្លងទៅ ទទួលបានប្រាក់រង្វាន់ ៤៤៧លាន ៣សែនរៀល ។ រីឯអត្តពលិកកីឡាគុនដាវ ដណ្តើមបានមេដាយសំរិទ្ធ១គ្រឿង ទទួលបានប្រាក់រង្វាន់ ២៨លានរៀល ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ កាលពីខែតុលា ឆ្នាំ២០១៨ នៅប្រទេស ម៉ាឡេស៊ី ។
ឯ ឧ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងនាម ឯ ឧ រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ថា នេះគឺជាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ ដែលបានប្រគល់ជូនប្រាក់រង្វាន់ជ័យលាភីជូនដល់ពីប្រភេទកីឡាទាំង២នេះ ដែលខិតខំដណ្តើមបានជ័យ លាភីយកមកជូនជាតិរបស់ខ្លួន ។
ជាមួយគ្នានោះ ឯ ឧ រដ្ឋលេខាធិការ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធ និងកីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់ ត្រូវខិតខំបន្តហ្វឹកហាត់ទៀត ដើម្បីរួមគ្នាបន្តការអភិវឌ្ឍឈានទៅដណ្តើមបានកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ ។
ទាក់ទងនឹងប្រាក់រង្វាន់នៅសេសសល់ ឯ ឧ ស សុខា បានសន្យាថា នឹងជួយសម្រួលក្នុងការផ្តល់ប្រាក់រង្វាន់អន្តរជាតិ ឲ្យបានលឿន តាមការស្នើសុំ របស់សហព័ន្ធសាម៉ី តាមសមត្ថភាពរបស់ក្រសួងអប់រំដែលអាចធ្វើបាន ។
សូមបញ្ជាក់ថា ថវិកា ៤៧៥ លាន ៣សែនរៀល ត្រូវបានរាជរដ្ឋភិបាលផ្តល់ជូនជ័យលាភី អត្តពលិកកីឡាវ៉ូវីណាម និងគុនដាវ ដែលដណ្តើមបានមេដាយពីការប្រកួតជើងឯកអាស៊ីគ្នេយ៍ ឆ្នាំ២០១៨ ពីឆាកអន្តរជាតិ ៕ធ.ដ