អាម៉េរិក-ចិន គ្រោងបើកកិច្ចប្រជុំទាក់ទិននឹងសង្រ្គាមពាណិជ្ជកម្មទ្វេភាគីនាសប្តាហ៍ក្រោយនេះ

សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ក្រុមមន្រ្តីជាន់ខ្ពស់អាម៉េរិកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននាសប្តាហ៍ក្រោយនេះ ដើម្បីចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំទល់មុខគ្នា ដែលមានគោលដៅបញ្ចប់សង្រ្គាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។

បើតាមមន្រ្តីអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកតំណាងពាណិជ្ជកម្មអាម៉េរិក លោក រ៉ូបឺត ឡាយធីហ្ស៊ឺ និងរដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិក លោក ស្តេវិន នូឈីន គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង ប៉េកាំង នាសប្តាហ៍ក្រោយនេះ ដើម្បីជួបជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក លាវ ហេ។ ជាមួយគ្នានេះ ក្រុមគណៈប្រតិភូចិនដឹកនាំដោយលោក លាវ ហេ ត្រូវបានគេរំពឹងដែរថា នឹងបន្តកិច្ចប្រជុំនៅក្នុងទីក្រុង វ៉ាស៊ីនតោន នាសប្តាហ៍បន្ទាប់ទៀត ដោយមានគោលដៅបិទបញ្ចប់កិច្ចព្រមព្រៀងនៅចុងខែមេសាតែម្តង។

សូមរំលឹកឡើងវិញថា កិច្ចពិភាក្សារវាងសហរដ្ឋអាម៉េរិក និងចិន បានបរាជ័យម្តងរួចទៅហើយ ដោយគ្មានទទួលបានកិច្ចព្រមព្រៀងណាមួយនោះទេ កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ដោយសហរដ្ឋអាម៉េរិក ថែមបានធ្វើការព្រមានថា បញ្ហាលំបាកបំផុតនៅមិនទាន់ដោះស្រាយគ្នានៅឡើយនោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner