យន្តហោះផ្ទុកមនុស្ស១០០នាក់ ត្រូវបានភ្លើងឆេះ ពេលចុះចត
កាលពីថ្ងៃទី១៩ មីនា ម្សិលមិញ មានករណីយន្តហោះមួយគ្រឿងរបស់អាកាសចរណ៍អ៊ីរ៉ង់ Iran Air បានឆាបឆេះអំឡុងពេលចុះចតនៅអាកាសយានដ្ឋាន Mehrabab ក្នុងទីក្រុងតេហេរ៉ង់ប៉ុន្តែសំណាងល្អអ្នកដំណើរទាំង ១០០នាក់ ដែលជិះនៅលើនោះ ត្រូវបានជម្លៀសខ្លួនចេញដោយសុវត្ថិភាព។ ប្រធាននាយកដ្ឋានផ្នែកសេវាសង្រ្គោះបន្ទាន់នៃប្រទេសអ៊ីរ៉ង់ លោក Pir-Hossein Kolivand បានឲ្យដឹងថា អគ្គិភ័យបានលេចឡើងនៅពេលយន្តហោះខាងលើបានបង្ខំចិត្តចុះចត ទាំងកង់របស់វាបើកមិនទាន់ចេញ ប៉ុន្តែអគ្គីភ័យនេះត្រូវគ្រប់គ្រងបានទាន់ពេលវេលា។ យន្តហោះនេះគឺជាប្រភេទ Fokker 100 ផលិតដោយក្រុមហ៊ុនប្រទេសហូឡង់ ដែលជាកម្មសិទ្ធិរបស់អាកាសចរណ៍ Iran Air។
គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ពីឡុតមិនអាចបើកកង់ទាំង ២ នៅផ្នែកខាងក្រោយរបស់យន្តហោះបាន ហើយបានចំណាយពេលមួយសន្ទុះហោះក្រវែលអាកាសយានដ្ឋាន ដើម្បីព្យាយាមបើកកង់ឲ្យចេញទាំងអស់ មុនពេលសម្រេចចិត្តបង្ខំចុះចត ដែលជាហេតុធ្វើឲ្យតួខ្លួនយន្តហោះកកិតជាមួយផ្លូវចុះចត ហើយបង្កើតជាផ្កាភ្លើង និងអណ្តាតភ្លើងឆេះកញ្ជ្រោលឡើងតែម្តង។ យន្តហោះខាងលើនេះមានគោលមកពីកោះ កេស៊ីម (Qeshm) នៅឈូងសមុទ្រពែក៕ម.ន