ក្រុម Pitou FC ក្លាយជាជើងឯកការប្រកួតបាល់ទាត់ហ្វូតសាល ដណ្តើមពានរង្វាន់ សស យក លើកទី១ ឆ្នាំ២០១៩ ក្នុងខេត្តកំពង់ឆ្នាំង
ក្រុម Pitou FC បានក្លាយជាជើងឯក ការប្រកួតបាល់ទាត់ហ្វូតសាល ដណ្តើមពានរង្វាន់ សសយក ឆ្នាំ២០១៩ លើកទី១ ប្រចាំឆ្នាំ២០១៩ ដើម្បីអបអរបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ ទន្លេផ្សារភ្ជាប់ សន្តិភាព ប្រជាជន និងទេសចរណ៍ នៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីយកឈ្នះក្រុម អះម៉ាទីយ៉ា នៅលើទីលាន បន្ទាយលង្វែក Sport Plex។
ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាអភិបាលរងខេត្តកំពង់ឆ្នាំង បាន មានប្រសាសន៍ថា គោលបំណងដែលបង្កើតពានរង្វាន់នេះឡើង គឺដើម្បីអបអរ និងជួយជំរុញឲ្យពិធី បុណ្យទន្លេឆ្នាំនេះ ទទួលបានការទាក់ទាញកាន់តែល្អប្រសើរ និងបានផ្តល់ភាពសប្បាយរីករាយ ជូន ដល់យុវជន ជាពិសេសបំផុសស្មារតីពួកគាត់ឲ្យស្រឡាញ់ និងចូលចិត្តលេងកីឡា ក្នុងន័យស្វែងរក កីឡាករប្រកបដោយគុណភាព ត្រៀមប្រកួតតំណាងអោយជាតិ ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើក ទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ភាពជោគជ័យនេះ គឺជាបទពិសោធន៍ដ៏ល្អ សម្រាប់ការរៀបចំសកម្មភាពកីឡា នៅឆ្នាំក្រោយៗទៀត ដើម្បីឲ្យយុវជនយកពេលទំនេរមកលេងកីឡា ជាជាងទៅប្រព្រឹត្តអំពើឧបាយមុខផ្សេងៗ ដែលសង្គម ស្អប់ខ្ពើម នាំឲ្យប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមផងដែរ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ហ្វូតសាល ដណ្តើមពានរង្វាន់ សសយក ឆ្នាំ២០១៩ លើកទី១ ប្រចាំឆ្នាំ២០១៩ មាន១៦ក្រុមចូលរួម ចែកចេញជា៤ពូល មកពីស្រុក និងក្រុងទូទាំង ខេត្តកំពង់ឆ្នាំង ក្រុម Pitou F C បានក្លាយជាជើងឯក លេខ២ក្រុម អះម៉ាទីយ៉ា ខណៈលេខ៣ បានទៅក្រុម សសយក ស្រុកសាមគ្គីមានជ័យ និងក្រុម សសយក ក្រុងកំពង់ឆ្នាំង បន្ទាយលង្វែក ទទួលបានលេខ៤ ហើយក៏មានក្រុម Fair Play និងអ្នកស៊ុតបញ្ជូលទីច្រើនជាងផងដែរ៕ធ.ដ