រដ្ឋមន្រ្តីការពារជាតិបារាំង ជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់លក្ខខណ្ឌលើសម្ព័ន្ធមិត្ត នៅអឺរ៉ុប

បារាំង៖ រដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florence Parly បានថ្លែងប្រាប់ឲ្យសហរដ្ឋអាម៉េរិកឈប់ដាក់លក្ខខណ្ឌលើសម្ព័ន្ធមិត្តនៅអឺរ៉ុប ខណៈទំនាក់ទំនងដ៏ជិតស្និទ្ធរវាងភាគីទាំងអស់ ប្រែទៅជាល្អក់កករខ្លាំងចាប់តាំងពីលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាម៉េរិកមក។

ថ្លែងទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិកនៅក្នុងសប្តាហ៍នេះ ប្រមុខការពារជាតិបារាំងរូបនេះ បានបញ្ជាក់ថា បើអឺរ៉ុបមានសមត្ថភាពការពារខ្លួនឯង អាម៉េរិកក៏ធូរទាំងកម្លាំង ទាំងហិរញ្ញវត្ថុដែរ ស្របពេលផ្ដោតការយកចិត្តទុកលើតំបន់ផ្សេងដូចជាអាស៊ី និងមជ្ឈិមបូព៌ា។ លោកស្រីបន្ថែមទៀតថា ការបង្កើតស្វ័យភាពរបស់អឺរ៉ុប មិនគួរត្រូវបានមើលឃើញថា ការប្រឆាំងអាម៉េរិក ឬក៏ជាមូលហេតុដែលអាម៉េរិកលែងរាប់រកអឺរ៉ុបនោះដែរ។

សូមបញ្ជាក់ថា នយោបាយដាក់សម្ពាធលើសម្ព័ន្ធមិត្តខ្លួនឯងរបស់លោក ត្រាំ ធ្វើឲ្យសម្ព័ន្ធមិត្តអាម៉េរិកនៅអឺរ៉ុបអាក់អន់យ៉ាងខ្លាំង និងកំពុងតែផ្លាស់ប្ដូរផ្លូវដើររបស់ខ្លួន សំដៅកាត់បន្ថយការពឹងផ្អែកលើអាម៉េរិកខ្លាំងពេក ពិសេសវិស័យការពារជាតិ។ តាំងពីឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិកមកនោះ លោក ត្រាំ តែងទាមទារឲ្យសមាជិកសម្ព័ន្ធយោធាណាតូ បង្កើនការចំណាយរបស់ខ្លួន ហើយក៏រិះគន់អឺរ៉ុបមានបំណងបង្កើតកម្លាំងយោធាផ្ទាល់ខ្លួនផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner