រដ្ឋធានីរបស់ប្រទេសហ្វីលីពីនខ្វះទឹកប្រើប្រាស់យ៉ាងធ្ងន់ មិនធ្លាប់ជួបជិត១០ឆ្នាំមកនេះ

សារព័ត៌មាន Bloomberg បានចេញផ្សាយថា រដ្ឋធានីម៉ានីឡា នៃប្រទេសហ្វីលីពីន ដែលមានប្រជាជនប្រមាណជា២លាននាក់ បានជួបប្រទះបញ្ហាកង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ដែលមិនធ្លាប់មានក្នុងរយៈពេលជិត១ទសវត្ស។ ប្រភពថា ការផ្គត់ផ្គង់ទឹកចាប់ផ្ដើមមានបញ្ហាអាក់រអួលនៅតាមភូមិតូចៗជាច្រើនចាប់តាំងពីដើមខែមីនាមក ហើយក៏បានប៉ះពាល់ដល់ទីក្រុងទាំងមូលកាលពីសប្ដាហ៍មុន។ សង្កាត់ខ្លះ ត្រូវបានផ្ដាច់ទឹករយៈពេលជាច្រើនថ្ងៃ ដោយសារទឹកក្នុងទីក្រុងម៉ានីឡាមានកង្វះខាតរហូតដល់ជាង១៤០លានលីត្រក្នុងមួយថ្ងៃ។

អាជ្ញាធរឲ្យដឹងថា បញ្ហានេះកើតឡើងដោយសារកម្ពស់ទឹកធ្លាក់ចុះក្រោម៦៩ម៉ែត្រនៅទំនប់ទឹក La Mesa ដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់យ៉ាងសំខាន់ដល់ទីក្រុង ហេតុដូច្នេះ ទើបមិនមានទឹកហូរទៅកាន់រោងចក្រចម្រោះ Manila Water។ ជាការឆ្លើយតបនឹងបញ្ហានេះ ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ បានបញ្ជាកាលពីថ្ងៃសុក្រឲ្យបញ្ចេញទឹកពីទំនប់ Angat រយៈពេល ១៥០ថ្ងៃស្មើនឹង ៦០០ ០០០លានលីត្រដើម្បីផ្គត់ផ្គង់ដល់តម្រូវការ។

សូមរម្លឹកថា វិបត្តិខ្វះខាតទឹកប្រើប្រាស់នេះ ធ្លាប់កើតឡើងម្ដងដែរក្នុងប្រទេសហ្វីលីពីន កាលពីឆ្នាំ ២០១០ ដែលប្រទេសនេះរងគ្រោះដោយសាររលកកម្ដៅ El Nino ហើយផ្ទះនីមួយៗមិនមានទឹកប្រើប្រាស់ជាច្រើនម៉ោងក្នុងមួយថ្ងៃៗ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner