រុស្ស៊ីប្រារព្ធពិធីរំលឹកខួប៥ឆ្នាំ នៃការបង្រួបបង្រួមទឹកដីឧបទ្វីបគ្រីមៀជាមួយប្រទេសខ្លួន

រុស្ស៊ី៖ សហព័ន្ធរុស្ស៊ីបានរៀបចំពិធីរំលឹកខួបលើកទី៥ នៃការផ្តាច់ខ្លួនរបស់ឧបទ្វីប គ្រីមៀ ពីអ៊ុយក្រែន ដើម្បីចូលមករួមរស់ជាមួយខ្លួននៅថ្ងៃច័ន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅកំពង់ផែនាសមុទ្រខ្មៅ ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទី បានបង្ហាញវត្តមានជាអធិបតីក្នុងពិធីគម្រប់ខួបដ៏ធំនេះផងដែរ ជាមួយប្រជាជនជាងមួយម៉ឺននាក់។

សូមរំលឹកថា កាលពីឆ្នាំ២០១៤ រុស្ស៊ីបានក្រសោបយកទឹកដីគ្រីមៀ ពីអ៊ុយក្រែន បន្ទាប់ពីការរៀបចំប្រជាមតិមួយនៅទីនោះ ហើយនៅថ្ងៃ១៨ ខែមីនា លោក ពូទីន សម្រេចចុះហត្ថលេខាលើសន្ធិសញ្ញាមួយ កំណត់យកទឹកដីនេះ ស្ថិតក្រោមឧបសម្ព័ន្ធរបស់ខ្លួនផងដែរ។ ការដណ្តើមយកមកវិញនូវទឹកដីគ្រីមៀ ដែលជាទឹកដីយុទ្ធសាស្ត្រសម្រាប់កងទ័ពជើងទឹករុស្ស៊ីនេះ ធ្វើឲ្យប្រជាប្រិយភាពរបស់លោក ពូទីន កើនឡើងក្នុងចំណោមប្រជាជនរុស្ស៊ីទូទៅដែរ។

យ៉ាងណាមិញ ឆ្លើយតបនឹងសកម្មភាពរបស់រុស្ស៊ីខាងលើនេះ សហគមន៍អន្តរជាតិនៅតែបន្តថ្កោលទោសទីក្រុងម៉ូស្គូ និងបដិសេធភាពស្របច្បាប់ ក្នុងការគ្រប់គ្រងទឹកដីនេះដដែល។ ជាក់ស្តែងកាលពីសប្តាហ៍មុននេះ អាម៉េរិក កាណាដា និងអឺរ៉ុប បានដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងលើមន្ត្រី និងអ្នកជំនួញរុស្ស៊ីមិនតិចជាង១០នាក់ឡើយ ដោយចោទថា រុស្ស៊ីបន្តសកម្មភាពឈ្លានពានអ៊ុយក្រែនដដែល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner