ក្រុមហ៊ុន Toyota សហការជាមួយទីភ្នាក់ងារអវកាសជប៉ុន JAXA ដើម្បីអភិវឌ្ឍន៍យានសម្រាប់បើកនៅលើឋានព្រះចន្ទ
ជប៉ុន៖ ក្រុមហ៊ុន TOYOTA បានសហការជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន ចាសា (JAXA) ដើម្បីអភិវឌ្ឍន៍យានអវកាសស្វ័យប្រវត្តិដំណើរការដោយថាមពលពន្លឺព្រះអាទិត្យដែលមានសមត្ថភាពដឹកអវកាសយានិកនៅលើផ្ទៃឋានព្រះចន្ទ ដោយមិនចាំបាច់ស្លៀកពាក់ឈុតអវកាស។
យានគំរូរបស់ Toyota ដែលបង្ហាញឱ្យឃើញនៅក្នុងវីដេអូថ្មី និងរូបភាពជាច្រើននៅសប្តាហ៍នេះ នឹងត្រូវរចនាឡើងដើម្បីដឹកអវកាសយានិកពីរនាក់ និងដំណើរការលើថាមពលពន្លឺព្រះអាទិត្យ និងបច្ចេកវិជ្ជាអាគុយឥន្ធនៈ។ យាននេះ អាចត្រូវបានប្រើដើម្បីរុករកចម្ងាយ១០,០០០គីឡូម៉ែត្រលើផ្ទៃព្រះចន្ទ ដោយទីភ្នាក់ងារ JAXA មានគោលបំណងបាញ់បង្ហោះប្រព័ន្ធយានអវកាសនេះនៅឆ្នាំ២០២៩។
បើតាមប្រធានទីភ្នាក់ងារអវកាស JAXA លោក ហ៊ីរ៉ូស៊ី យ៉ាម៉ាកាវ៉ា យានដឹកមនុស្សដែលមានកាប៊ីនប្រើសម្ពាធទំនាញដូចលើផែនដីនេះ គឺជាធាតុមួយដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរុករកពេញលេញ និងការប្រើប្រាស់ផ្ទៃឋានព្រះចន្ទ។ លោកបន្តថា កាប៊ីនមានសម្ពាធនៅខាងក្នុង នឹងអនុ ញ្ញាតឱ្យយានអវកាសនេះ ដឹកអវកាសយានិកឆ្លងកាត់ផ្ទៃព្រះចន្ទដ៏សែនវែង។
គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសជប៉ុន JAXA គ្រោងនឹងចាប់ផ្តើមបញ្ជូនមនុស្សទៅធ្វើបេសកកម្មរុករកឋានព្រះចន្ទក្នុងឆ្នាំ២០៣០ខាងមុខនេះ ប៉ុន្តែដំបូង ជប៉ុនត្រូវការបច្ចេកវិជ្ជាដើម្បីគាំទ្រពួកគេអោយបានជាមុនសិន៕ម.ន