ចិនអះអាងថា កិច្ចចរចានយោបាយ គឺជាគន្លឹះដែលអាចដោះសា្រយបញ្ហានៅលើឧបទ្វីបកូរ៉េ
ចិន៖ រដ្ឋាភិបាលក្រុងប៉េកំាង នៅថ្ងៃពុធនេះ បានអះអាងសារជាថ្មីម្តងទៀត ដោយបន្តរក្សាជំហររបស់ខ្លួនថា កិច្ចចរចានយោបាយ គឺជាគន្លឹះដ៏សំខាន់តែមួយប៉ុណ្ណោះ ក្នុងការដោះស្រាយភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ ខណៈមានរបាយការណ៍ថ្មីពីកូរ៉េខាងជើងថា ទីក្រុងព្យុងយ៉ាងមានការប្តេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។
ប្រទេសចិនតែងតែផ្តល់ការគំាទ្រជានិច្ចថា វិបត្តិនៅឧបទ្វីបកូរ៉េអាចស្វែងរកច្រកចេញដោយសន្តិភាពទៅបាន គឺមានតែតាមរយៈកិច្ចចរចានយោបាយតែមួយគត់ប៉ុណ្ណោះ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង។ នៅក្នុងសន្និសីទសារព័ត៌មួយនាថ្ងៃពុធម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា មានតែតាមរយៈវិធីសាស្រ្តនេះទេ ទើបភាគីទាំងសងខាង (សហរដ្ឋអាម៉េរិក-កូរ៉េខាងជើង) អាចជឿទុកចិត្តគ្នា និងយល់ស្របគ្នាទៅវិញទៅមក ហើយបង្កើតលក្ខខណ្ឌដើម្បីដោះស្រាយនយោបាយជាជំហានៗ៕ម.ន