សហរដ្ឋអាម៉េរិកគ្រោងសាកល្បងប្រព័ន្ធមីស៊ីលបាញ់ចេញពីដី ក្រោយដកខ្លួនពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ីជាផ្លូវការ

សហរដ្ឋអាម៉េរិក៖ ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្ដើមផលិតគ្រឿងបន្លាស់សម្រាប់ការធ្វើតេស្ដប្រព័ន្ធមីស៊ីលបាញ់ចេញពីដី ដែលដំបូងឡើយស្ថិតក្រោមបម្រាមនៃសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ (INF) រវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក នេះបើតាមក្រសួងការពារជាតិអាមេរិកនៅក្នុងសប្ដាហ៍នេះ។

បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ សហរដ្ឋអាម៉េរិកអាចនឹងពិចារណា ឬបញ្ឈប់គម្រោងនេះទៅវិញ បើសិនជារុស្ស៊ីត្រឡប់មកអនុវត្តន៍តាមយ៉ាងពេញលេញវិញនូវសន្ធិសញ្ញា INF មុននឹងសហរដ្ឋអាម៉េរិកសម្រេចចិត្តដកខ្លួនជាផ្លូវការ ចេញពីសន្ធិសញ្ញានេះនៅខែសីហា ឆ្នាំ២០១៩ខាងមុខ។

ការប្រកាសរបស់ក្រសួងការពារជាតិអាម៉េរិកបែបនេះ បានកើតមានឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លងទៅ ប្រកាសដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាកំណត់អានុភាពអាវុធមីស៊ីល INF ដែលបានចុះហត្ថលេខាជាមួយរុស្ស៊ីកាលពីឆ្នាំ១៩៨៧។ បច្ចុប្បន្នទាំងសហរដ្ឋអាម៉េរិក និងរុស្ស៊ី កំពុងចាប់ផ្ដើមនីតិវិធីរយៈពេល០៦ខែ ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញា INF នេះហើយ ខណៈមានការព្រួយបារម្ភជាច្រើនថា ការរត់ប្រណាំងសព្វាវុធអាចនឹងផ្ទុះឡើងជាថ្មី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner