ក្រុមបាល់ទះរុស្ស៊ី ដណ្តើមបានមេដាយមាសពីការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទី២ ប្រចាំខេត្តកំពង់ស្ពឺ
ក្រុមកីឡាករមកពីប្រទេសរុស្ស៊ី បានក្លាយជាជើងឯកកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ ឆ្នាំ២០១៩ ប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្រោយយកឈ្នះក្រុមកីឡាករ មកពីប្រទេសអាហ៊្វ្រិកខាងត្បូង ២:០ កាលពីកន្លងទៅ នៅបរិវេណដីឡូរ៍ ឧកញ៉ា ឈួន គឹមសាន ដោយមានការចូលរួមពីអ្នកទស្សនាគាំទ្ររាប់ពាន់នាក់។

ក្នុងឱកាសប្រគល់រង្វាន់ជូនក្រុមជយលាភី និងបំពាក់មេដាយដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងលោក Chris Liu នាយកផ្នែកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) លោក Fahmi Rajendra នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងអ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ។

ក្រុមបាល់ទះឆ្នេរខ្សាច់បុរសរុស្ស៊ីទទួលបានមេដាយមាស ការប្រកួតបាល់ទះឆ្នេរខ្សាច់ផ្នែកបុរស ប្រចាំមណ្ឌលកំពង់ស្ពឺ បន្ទាប់ពីយកឈ្នះក្រុម ជើងឯករងអាហ៊្វ្រិកខាងត្បូង ក្នុងលទ្ធផល ២:០ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈមេដាយសំរិទ្ធបានទៅលើក្រុមបាល់ទះឆ្នេរខ្សាច់បុរសដាណាម៉ាក។ ក្រុមទទួលជ័យលាភី ទាំង៣ នឹងមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ២០២០ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើងឯកពិភពលោក។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ ឆ្នាំ២០១៩នេះ នឹងបន្តធ្វើឡើងនៅខេត្តពីរទៀតគឺ៖ ខេត្តសៀមរាប នៅថ្ងៃទី២១-២៤ ខែមីនា និងខេត្តកំពង់ចាម នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ ជាមួយនឹងរង្វាន់ទឹកប្រាក់សរុប ៦០,០០០ ដុល្លារអាម៉េរិក៕ធ.ដ
