ប្រជាជាតិជប៉ុនរម្លឹកខួប៨ឆ្នាំនៃមហាសោកនាដកម្មដ៏ធ្ងន់បំផុតសម្រាប់ប្រទេសខ្លួន
ជប៉ុន៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រជាជាតិជប៉ុនបានរៀបចំការរម្លឹកខួប០៨ឆ្នាំនៃមហាសោកនាដកម្មរញ្ជួយផែនដី-រលកយក្សស៊ូណាមិ និងមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់នៅឯតំបន់ឆ្នេរភាគឦសានប្រទេស និងធ្វើឱ្យមនុស្សប្រមាណ១៨,៥០០នាក់ស្លាប់ និងបាត់ខ្លួន។
ក្រៅពីផ្តាច់ជីវិតមនុស្ស និងបង្កការបំផ្លិចបំផ្លាញ រលកយក្សស៊ូណាមិថែមទាំងបានបង្កមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ក្នុងទីក្រុង Okuma ខេត្ត Fukushima ទៀតផង ដែលជាមហន្តរាយនុយក្លេអ៊ែរអាក្រក់បំផុតនៅលើពិភពលោក គិតចាប់តាំងតែពីគ្រោះមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl របស់សហភាពសូវៀត កាលពីឆ្នាំ១៩៨៦។
ដោយឡែកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ រួមទាំងសមាជិកសភា និងសមាជិកគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងមហាគ្រោះមហន្តរាយខាងលើ បានសម្តែងការឱនគោរព និងបួងសួងក្នុងពិធីមួយនៅទីក្រុងតូក្យ នាម៉ោង២និង២៦នាទីរសៀលថ្ងៃច័ន្ទនេះ (ម៉ោងក្នុងតំបន់) ជាពេលដែលគ្រោះរញ្ជួយដីយ៉ាងកក្រើកកម្រិត៩រ៉ិចទ័រ បានវាយប្រហារជប៉ុន ហើយបង្កជារលកយក្សដ៏អាក្រក់ ខណៈពិធីរម្លឹកខួបស្រដៀងគ្នានេះ ក៏បានប្រព្រឹត្តទៅនៅតាមតំបន់ដែលបានទទួលរងគ្រោះផងដែរ៕ម.ន



