ប្រធានសហព័ន្ធកីឡាបាល់ទាត់ ប្តេជ្ញាសាងសង់ទីលានបាល់ទាត់សាលាតម្រង់ទិសតាមបណ្តាខេត្ត ទូទាំងប្រទេសឲ្យរួចរាល់ ក្នុងឆ្នាំ២០១៩នេះ
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានប្រកាសនឹងបញ្ចប់គម្រោងសាងសង់ទីលានសាលាតម្រង់ទិសតាមខេត្ត ក្នុងឆ្នាំ២០១៩ បន្ទាប់ពីទីលាលាតម្រង់ទិសតាមវិទ្យាល័យចំនួន៤ខេត្ត បានបញ្ចប់ការសាងសង់ និងកំពុងដំណើរការប្រើប្រាស់ រួមមានខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ។
ការប្ដេជ្ញារបស់ឯកឧត្តម បានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ នៅសណ្ឋាហ្គាឌិនស៊ីធី នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ ឯកឧត្តមបញ្ជាក់ថា ក្រោយសហព័ន្ធដាក់ចេញនូវផែនការអភិវឌ្ឍសាលាតម្រង់ទិសទូទាំងរាជធានីខេត្ត កាលឆ្នាំ២០១៧ បច្ចុប្បន្នសហព័ន្ធបានបញ្ចប់គម្រោង៤ខេត្តហើយ តែនៅសល់ប៉ុន្មានខេត្ត សហព័ន្ធនឹងបញ្ចប់ការសាងសង់យ៉ាងយូរចុងឆ្នាំ២០១៩នេះ។
ឯកឧត្តម សៅ សុខា បន្តថា បច្ចុប្បន្នមានខេត្តចំនួន៦ ដែលសហព័ន្ធដំណើរការសាងសង់ទីលានសាលាតម្រង់ទិស រួមមានខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។ ចំណែកខេត្តកំពុងដំណើរការឯកសារត្រៀមបន្ដការសាងសង់ រួមមាន ខេត្តតាកែវ បាត់ដំបង ពោធិសាត់ ព្រៃវែង និងខេត្តកំពង់ស្ពឺ ស្របពេលស្ទង់ចំណាយសម្រាប់សាងសង់ទីលានស្ដង់ដារឲ្យបានគ្រប់ខេត្តក្នុងឆ្នាំ២០១៩នេះ គឺមានទំហំទឹកប្រាក់ប្រមាណ១,៧៤៤,៣៩៥ដុល្លារ៕ម.ន



