លោក ស សុខា ដឹកនាំបោះជំរំ និងដើរចម្ងាយ២៤គីឡូម៉ែត្រលើភ្នំបូកគោ
ជំរំសន្តិភាពឋានសួគ៌បូកគោ រយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ និងបន្សល់ទុកនូវអនុស្សាវរីយ៍យូរអង្វែងជាអមតៈ និងជាស្មារតីមួយធ្វើឲ្យយើងចងចាំរក្សា ក៏ដូចជា រឹតចំណងសាមគ្គី រួបរួមគ្នា ក្នុងនាមជាគ្រួសារខ្មែរ ក្នុងនាមជាម្ចាស់ប្រទេសខ្មែរតែមួយ ប្តេជ្ញាការពារសន្តិភាពឲ្យបាន ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមប្រធានបទរបស់យើងគឺ “ រួមគ្នាដើម្បីកម្ពុជារុងរឿង”។
លោក ស សុខា អនុប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាថ្លែងថា លោក និងក្រុមការងាររៀបចំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពត តាកែវ ព្រះសីហនុ កំពង់ស្ពឺ និងខេត្តកែប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចំណាយកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ចូលរួមកម្មវិធីបោះជំរំសន្តិភាពឋានសួគ៌បូកគោ តាំងពីដើមរហូតដល់ចប់ ប្រកបដោយជោគជ័យ។
ក្នុងកម្មវិធីបោះជំរំនេះ លោក ស សុខា បានដឹកនាំយុវជនធ្វើដំណើរផ្សងព្រេងកាត់ព្រៃភ្នំ ២៤គីឡូម៉ែត ក្នុងគោលបំណងសំខាន់៣គឺ
ទី១)ចាប់ផ្តើមដើរពីជំរំទៅដល់ចម្ការតែ ស្ថានភាពផ្លូវដី ផ្លូវលំ ដើរកាត់ស្មៅ និងដើមឈើតូចៗ គឺចង់ប្រៀបធៀបកម្ពុជាយើង ទៅនឹងមុនសម័យ ប៉ុល ពត (សម័យ លន់ ណុល) ពេលនោះកម្ពុជាយើង លំបាកល្មមៗទេ អាចរស់នៅបានធម្មតា។
ទី២)ចាប់ពីចម្ការតែទៅ យុវជនទាំងអស់ ត្រូវដើរកាត់ជ្រលងភ្នំ ឡើងលើភ្នំ កាត់ព្រៃពោរពេញទៅដោយផ្លូវលំបាក ត្រូវប្រើកម្លាំងខ្លាំង អាចដួល អាចរបួស ឡើងចុះ បត់បែន ត្រង់នេះចង់ធ្វើការប្រៀបធៀបកម្ពុជាយើង ទៅនឹងសម័យ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងការតស៊ូឆ្លងកាត់ឧបសគ្គរាប់រយជំពូក ដើម្បីរំដោះជាតិមាតុភូមិ ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា គឺពួកគាត់លំបាកជាងយើងដើរកាត់ជ្រលងភ្នំ ឡើងភ្នំ កាត់ព្រៃ រាប់ពាន់ដងទៅទៀត ទំរាំតែរំដោះប្រជាជនកម្ពុជា ពីរបបខ្មៅងងឹត ប៉ុល ពត ដែលកាប់សម្លាប់ពលរដ្ឋខ្មែររាប់លាននាក់បាន។
ទី៣)ចាប់ពីម្តុំសណ្ឋាគារ សុខា ចាស់ មកជំរំវិញ យុវជនយើង ត្រូវដើរនៅលើផ្លូវជាតិ ផ្លូវកៅស៊ូ រលោងស្អាត ត្រង់នេះ ចង់ប្រៀបធៀបទៅនឹងសម័យបច្ចុប្បន្ន គឺសម័យតេជោនៃព្រះរាជាណាកម្ពុជាទី២ នេះឯង។ មានន័យថា ក្រោយពីថ្នាក់ដឹកនាំកំពូលបានតស៊ូដោយឆ្លងកាត់ឧបសគ្គរាប់រយជំពូក និងកសាងប្រទេសជាតិពីបាតដៃទទេមក គឺកម្ពុជាយើង បានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ ដូចនឹងផ្លូវជាតិ ផ្លូវកៅស៊ូ ដែលយុវជនយើងកំពុងតែដើរកាត់នេះដែរ។
សូមបញ្ជាក់ថា ជំរំសន្តិភាពឋានសួគ៌បូកគោ ក្រោមប្រធានបទ“រួមគ្នាដើម្បីកម្ពុជារុងរឿង“ ដឹកនាំដោយលោក ស សុខា និងលោកស្រី ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដែលមានយុវជន ស.ស.យ.ក. ចំនួន ៨ខេត្ត ចូលរួមមាន ៖ ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពត តាកែវ ព្រះសីហនុ កំពង់ស្ពឺ និងខេត្តកែប ហើយក្នុងរយៈពេល៣ថ្ងៃនេះ ក៏នឹងមានការទស្សនាវាល ស្រែប្រាំរយ ផ្កាបំពង់ក្រឡោម ពិធីភ្លើងគប់ ពិធីបើកទ្វារជំរំ ច្រៀងចម្រៀងភ្លើងគប់ ដំណើរផ្សងព្រេង ២៤គីឡូម៉ែត លេងល្បែងកម្សាន្ត រាំលេងកម្សាន្តពេលរាត្រី និងមានការរៀបចំ ជាតង់ស្នាក់នៅ ចំនួន ១៨០តង់ផងដែរ៕ម.ន








