អ្នកដំណើរ១៥៧នាក់បាត់បង់ជីវិតទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះអេត្យូពី

អេត្យូពី៖ អ្នកដំណើរសរុប១៥៧នាក់ ត្រូវបានអាជ្ញាធរក្នុងតំបន់រាយការណ៍ថា បានបាត់បង់ជីវិតទាំងអស់ បន្ទាប់ពីករណីធ្លាក់យន្តហោះរបស់អាកាសចរណ៍អេត្យូពី ដែលហោះហើរពីរដ្ឋធានី អេដឌីស អាបាបា របស់ប្រទេសអេត្យូពី សំដៅទៅកាន់រដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

ជាមួយគ្នានេះ នាយកប្រតិបត្តិ (CEO) របស់អាកាសចរណ៍នេះ គឺលោក Gebremariam បាននិយាយថា តាមពិតទៅយន្តហោះ Boeing ខាងលើ ទើបតែបានសម្រាកបីម៉ោងប៉ុណ្ណោះ ក្រោយពីវាបានហោះមកពីទីក្រុងចូហាន់ណែសប៊ឺក ប្រទេសអាហ៊្វ្រិកខាងត្បូង នៅព្រឹកព្រលឹមថ្ងៃកើតហេតុ ប៉ុន្តែក្រុមត្រួតពិនិត្យមុនការហោះហើរ ពុំបានរកឃើញភាពមិនប្រក្រតីអ្វីឡើយ មុនការគ្រោងហោះហើរបន្តទៅកេនយ៉ា។

ពាក់ព័ន្ធនឹងសោកនាដកម្មនេះដែរ ប្រភពព័ត៌មានក្នុងតំបន់បានបញ្ជាក់ថា យន្ដហោះមួយគ្រឿងនេះ ជាប្រភេទយន្តហោះ Boeing 737 និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដោយមុនពេលធ្លាក់ប៉ុន្មាននាទី ពីឡុតដែលបញ្ជាការនៅលើនោះ បានព្យាយាមទាក់ទងទៅអាកាសយានដ្ឋាន អេដឌីស អាបាបា ដើម្បីស្នើសុំបកត្រឡប់ក្រោយវិញ បន្ទាប់ពីទើបបានហោះចេញមកបន្តិច ព្រោះពួកគេបានជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួននៃម៉ាស៊ីនយន្តហោះ ដែលពិបាកនឹងដោះស្រាយ។

បើតាមការសន្និដ្ឋានបឋមនោះ បញ្ហាបច្ចេកទេសមួយចំនួននៃគ្រឿងម៉ាស៊ីនអាចជាមូលហេតុនៅពីក្រោយសោកនាដកម្មធ្លាក់យន្ដហោះនេះ ហើយវាក៏ជាលើកទី២ផងដែរ ដែលយន្ដហោះត្រកូល Boeing 737 Max បានធ្លាក់ បន្ទាប់ពីយន្ដហោះប្រភេទនេះធ្លាក់ចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ផ្ដាច់ជីវិតមនុស្សទាំងអស់១៨៩នាក់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner