ផ្ទះឈើ២ខ្នង និងខ្ទមកម្មករសំណង់នៅសង្កាត់ស្វាយប៉ាក ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង
ភ្នំពេញ៖ គ្រោះអគ្គីភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋឆេះអស់ចំនួន២ខ្នង និងខ្ទមកម្មករសំណង់មួយក្បែរគ្នាអស់ទាំងស្រុង កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែហុយចេញក្នុងផ្ទះរងគ្រោះខាងលើ ហើយប្រជាពលរដ្ឋខ្លះរត់ទៅជួយយកបំពងពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ខ្លះទៀតទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាមន៍ផងដែរ។ ក្នុងគ្រានោះ គេឃើញមានអណ្ដាតភ្លើងឆេះឡើងខ្មួលខ្មាញ់ ទោះបីយកបំពងពន្លត់អគ្គិភ័យ និងយកទឹកជះយ៉ាងណាក៏មិនអាចគ្រប់គ្រងស្ថានភាពបានដែរ។

ក្នុងពេលនោះដែរ រថយន្តពន្លត់អគ្គិភ័យ៦គ្រឿង បានចេញមកអន្តាគមន៍មកបាញ់ពន្លត់ តែប្រើប្រាស់អស់តែ៥គ្រឿងប៉ុណ្ដោះ ក៏រលត់ទៅវិញស្ថាពរ។ ជាមួយគ្នានោះ ផ្ទះឈើប្រក់សង្ក័សីចំនួន២ខ្នង រួមជាមួយខ្ទមកម្មករសំណង់ក្បែរគ្នា ត្រូវបានអគ្គិភ័យឆាប់ឆេះទាំងស្រុង តែក្នុងករណីខាងលើនេះ ក៏មិនបង្កឲ្យមនុស្សរងរបួសនោះឡើយ៕ធ.ដ


