UEFA កំពុងស៊ើបអង្កេត ខណៈ Man City ទាត់ចោលការចោទប្រកាន់នេះ
សហព័ន្ធកីឡាបាល់ទាត់ ទ្វីបអឺរ៉ុប UEFA កំពុងស៊ើបអង្កេតក្លឹប Man city ជុំវិញការចោទថា បានបំពានច្បាប់ចាយវាយ Financial Fair Play ។ UEFA និយាយថាការ ស៊ើបអង្កេតនេះនឹងផ្តោតសំខាន់លើការចោទជាច្រើនករណីជុំវិញ ការបំពានច្បាប់ F F P ដែលត្រូវ បានសារព័ត៌មាននានាផ្សាយជាសាធារណថ្មីៗនេះ ។

ទស្សនាវដ្តីរបស់អាល្លីម៉ង់ បានចុះផ្សាយថាពួកគេទទួលបានពីឯកសារបែកធ្លាយ ដែលថាជើងឯក Premier League បានបំពានច្បាប់ FFP ។ ក្លឹប Man City បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល ការចោទប្រកាន់ថាជារឿងប្រតិដ្ឋ និងស្វាគមន៍ការស៊ើបអង្កេតរបស់ UEFA ដើម្បីឲ្យបញ្ចប់មន្ទិលសង្ស័យនេះ ។

សូមរំលឹកថា កាលពីឆ្នាំ២០១៤ UEFA បានរកឃើញក្លឹប Man City បានបំពានច្បាប់ FFP ហើយពេលនោះក្លឹបមេឃខៀវ បានឈានដល់ដំណោះស្រាយដោយបង់ប្រាក់ពិន័យ ៤៩លានផោន ក្នុងនោះ៣២លានផោន ស្ថិតក្នុងលក្ខណៈព្យួរ ហើយកូតាកីឡាកររបស់គេក្នុងពាន Champions League រដូវកាល ២០១៤-២០១៥ ត្រូវបានកាត់បន្ថយ ។
គួរបញ្ជាក់ដែរថា Financial Fair Play ត្រូវបាន UEFA បង្កើតឡើង ដើម្បីធានាថាក្លឹបបាល់ទាត់នៅអឺរ៉ុបចាយលុយលើការទិញកីឡាករ និងប្រាក់ខែ ក្នុងចំនួនមិនលើសពីចំណូលដែលពួកគេរកបានប្រាក់រង្វាន់ និងក្រុមហ៊ុនឧបត្ថម្ភនានា ៕ធ.ដ

