អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ជំរុញឲ្យក្លឹប និងសមាគមបង្កើតក្រុមបាល់ទឹកឲ្យបាន
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានជំរុញឲ្យក្លឹប និងសមាគមទាំងអស់បង្កើតក្រុមបាល់ទឹកឲ្យបាន ដើម្បីជំរុញវិញ្ញាសាថ្មីមួយនេះឲ្យមានការផុសផុល និងបង្កើនសក្តានុពល ត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលខាងមុខ ការថ្លែងបែបនេះធ្វើឡើងក្នុងពីធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីម្សិលមិញ ។

វគ្គបណ្តុះបណ្តាលនេះ ទទួលបានការជួយឧបត្ថម្ភទាំងស្រុង ពីសហព័ន្ធកីឡាហែលទឹក អន្តរជាតិ មានសិក្ខាកាមចំនួន២០រូបចូលរួម មកពីសមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ខេត្តត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និងសៀមរាប និងមានគ្រូឧទ្ទេសសញ្ជាតិជាតិ គុយ បា គឺលោក Alexander dela Celda Brokina សិក្សាលើទ្រឹស្ដី និងអនុវត្តន៍ផ្ទាល់។

លោក Alexander dela Celda Brokina ដែលជាគ្រូឧទ្ទេស បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ គឺមានការយកចិត្តទុកដាក់ចំពោះវគ្គនេះ ហើយលោកសង្ឃឹមថា ពួកគេនឹងយកចំណេះដឹងពីវគ្គនេះ ទៅចែករំលែកដល់ក្លឹប និងសមាគមន៍របស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យទទួលបានជោគជ័យ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ បានជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវបង្កើតឲ្យមានក្រុមកីឡាបាល់ទឹកប្រចាំក្លឹបរបស់ខ្លួន ទៅតាមអនុសាសាន៍របស់ ឯកឧតម្ត ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីត្រៀមការប្រកួតនានា ។ ជាមួយគ្នានេះ លោកអគ្គលេខាធិការ បញ្ជាក់ថា ឆ្នាំនេះនឹងរៀបចំឲ្យមានការប្រកួតបាល់ទឹក ជាលើកដំបូងនៅកម្ពុជា ដោយបច្ចុប្បន្ននេះ សហព័ន្ធបានបង្កើតបាន២ក្រុមហើយ គឺនៅរាជធានីភ្នំពេញមួួយក្រុម និងនៅខេត្តកំពង់ចាមមួយក្រុម ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក សិក្សារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់៧ ខែមីនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចំនួន២០រូបចូលរួម ជាលទ្ធផលបន្ទាប់ពីការធ្វើតេស្ត សិក្ខាកាមទទួលនិទ្ទេសល្អ ចំនួន៨៥% និង និទ្ទេសមធ្យម ១៥% ៕ធ.ដ