មានអ្នកគ្រងតំណែងបុគ្គលវ័យក្មេងមានទ្រព្យច្រើនជាងគេបង្អស់លើពិភពលោក ពីស្ថាបនិកFacebookហើយ
កាលពីពេលថ្មីៗនេះ ទស្សនាវដ្តីធុរកិច្ច Forbes បានចេញផ្សាយពីសមាសភាពបុគ្គលវ័យក្មេង២រូប ដែលមានប្រាក់ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ មានទាំងអ្នកសិល្បៈ និងស្ថាបនិកFacebookផងដែរ។ យោងតាម Forbes បានចុះផ្សាយកាលពីថ្ងៃអង្គារថា Kylie Jenner ជាតារាសម្តែង និងបង្ហាញម៉ូត បានឡើងមកឈរចំណាត់ថ្នាក់កំពូល នាមជាសេដ្ឋីប្រាក់ពាន់លានវ័យក្មេងជាងគេបង្អស់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីលំដាប់កំពូលក្នុង ពិភពលោក។ ស្ត្រីវ័យ២១ឆ្នាំរូបនេះ កំពុងក្ដោបក្ដាប់ទ្រព្យសម្បត្តិប្រមាណ១ពាន់លានដុល្លារ ផ្តួលកំណត់ត្រាចាស់របស់ស្ថាបនិក Facebook លោក Mark Zuckerberg ដែលត្រូវចំណាយពេលដល់វ័យ ២៣ ឆ្នាំទើបឈានមកដល់ចំណុចប៉ុណ្ណេះបាន។
ចំណូលពាន់លានរបស់ស្រីស្អាតសញ្ជាតិអាម៉េរិករូបនេះ កើតចេញពីក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetics របស់នាងដែលទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខជាមួយ Ultra Beauty។ តាមការប៉ាន់ប្រមាណពី Forbes ក្រុមហ៊ុនរបស់នាងបច្ចុប្បន្នមានតម្លៃប្រមាណ៩០០លានដុល្លារ ហើយក្នុងនោះ Jenner កាន់កាប់ភាគហ៊ុនម្នាក់ឯងទាំង១០០ភាគរយ៕ម.ន


