អត្តពលិកជនពិការជាង១៥០នាក់ ចូលរួមការប្រកួតកីឡាអត្តពលកម្មជនពិការ លើកទី៣ ប្រចាំឆ្នាំ២០១៩

អត្ថបទដោយ៖
ហេង វណ្ណា

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសហការជាមួយអង្គការបេះដូងមាស ប្រចាំប្រទេសកម្ពុជា អង្គការ JICA និងដៃគូមួយចំនួនទៀត បានរៀបចំការប្រកួតកីឡាអត្តពលកម្មជនពិការរយៈពេល២ថ្ងៃ ដោយមានអត្តពលិកជនពិការជាង១៥០នាក់ ចូលរួមប្រកួតនាព្រឹកថ្ងៃសុក្រនេះ នៅពហុកីឡដ្ឋានជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តំណាងអង្គការបេះដូងមាស ប្រចាំប្រទេសកម្ពុជា និងតំណាង JICA  ។

ឯកឧត្តម យី វាសនា មានប្រសាសន៍ថា ការប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីដៃគូជាច្រើន ដូចជាអង្គការ និងបណ្តាក្រុមហ៊ុននានា ក្រៅអំពីការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា ដើម្បីជួយជ្រោមជ្រែងលើកកម្ពស់សិទ្ធិជនពិការ និងវិស័យកីឡាជនពិការឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមបញ្ជាក់ថា នេះគឺជាការប្រកួតប្រជែងប្រចាំឆ្នាំ ក្នុងការស្វែងរកកីឡាករ កីឡាការិនីពិការដែលមានសក្តានុពលសម្រាប់ជាតិ និងជាឱកាសដ៏ល្អមួយសម្រាប់ពួកគាត់ ក្នុងកិច្ចការសង្គម ជាពិសេសការចូលរួមអោយកាន់តែច្រើន ដើម្បីប្រមូលបាននូវធនធានប្រកបដោយគុណភាពខ្ពស់ ក្នុងដំណើរទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម យី វាសនា បញ្ជាក់ទៀតថា ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ហង់ ជួនណារ៉ុន និង ឯកឧត្តម ស សុខា ដែលជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានកំពុងសម្រួចគោលដៅ ក្នុងការលើកកម្ពស់វិស័យកីឡាជនពិការ ឈានទៅអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលការចូលរួមរបស់កីឡាករ កីឡាការិនីពិការ ចាប់ពីឆ្នាំ២០១៩នេះតទៅ គណៈកម្មធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រំពឹងថា នឹងមានអត្តពលិកពិការមិនក្រោម៣០០នាក់ទេ ដែលសម្រិតសម្រាំងទុកនាពេលនោះ។ នៅឆ្នាំ២០២០ខាងមុខ កីឡាជនពិការក៏បានត្រៀមខ្លួនសម្រាប់ការចូលរួមប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេស ហ្វីលីពីនផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជនពិការឆ្នាំ២០១៩នេះ មានការកើនឡើងជិត៧០% បើធៀបនឹងឆ្នាំ២០១៨  មានត្រឹមតែ៦០នាក់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner