ខ្សែប្រយុទ្ធរបស់ស្តេចសរ Vinicius ត្រូវបានប្រេស៊ីលកោះហៅចូលក្រុមធំ
ខ្សែប្រយុទ្ធ Real Madrid កីឡាករ Vinicius Junior ទទួលបានការកោះហៅចូលក្រុមឈុតធំជាលើកដំបូង បន្ទាប់ពីលោក Tite ដាក់បញ្ចូលឈ្មោះគេ ក្នុងជម្រើសជាតិប្រេស៊ីលត្រៀមប្រកួតមិត្តភាពជាមួយ Panama និង Czech republic នៅថ្ងៃទី២៣ និង២៦ ខែមីនា ។ Vinicius វ័យ១៨ឆ្នាំ បានក្លាយជាតួសំខាន់ ក្នុងការប្រកួតសម្រាប់លោក Santiago Solari នៅ Madrid ក្នុងរដូវកាលនេះ។ ក្នុងការបង្ហាញខ្លួន២៦ប្រកួត គេរកបាន៤គ្រាប់ ចាប់តាំងផ្លាស់ពី Flamengo ក្នុងតម្លៃ៤៥លានអឺរ៉ូ ។ Tite ដែលជាគ្រូជម្រើសជាតិប្រេស៊ីលបាននិយាយថា ការហៅ Vinicius ចូលជម្រើសជាតិ ចង់ឲ្យគេមានការរីកចម្រើន និងវិវត្តន៍ទៅមុខ។
អវត្តមានរបស់ Neymar ដោយសាររបួសប្រអប់ជើង អាចជាឱកាសសម្រាប់ Vinicius ចូលខ្លួនមកជំនួស ដើម្បីជួយប្រេស៊ីល ក្នុងពានរង្វាន់ Copa America ដែលនឹងលេងនៅរដូវក្ដៅខាងមុខរៀបចំ នៅប្រទេសប្រេស៊ីលផ្ទាល់។ សម្រាប់ការប្រកួតមិត្តភាពខាងលើ Dani Alves ក៏ត្រូវបានកោះហៅចូលជម្រើសជាតិវិញ ក្រោយរបួសនៅ World Cup៕ម.ន