លោក ត្រាំ ប្រាប់លោក មូន ថា សហរដ្ឋអាម៉េរិកនឹងបន្តធ្វើកិច្ចចរចាជាមួយកូរ៉េខាងជើងទៀត

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងសាជាថ្មីនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ អំពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង តាមរយៈការបន្តធ្វើកិច្ចចរចា។ ការអះអាងនេះ ធ្វើឡើងប៉ុន្មានម៉ោងក្រោយជំនួបកំពូលលើកទី២រវាងលោក និងលោក គីម នៅវៀតណាម បញ្ចប់ទៅយ៉ាងតក់ក្រហល់ និងគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់ ។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងក្នុងអំឡុងការសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ស្របពេលដែលលោក ត្រាំ ជិះនៅលើយន្តហោះ Air Force One តាមផ្លូវធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកវិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង។ បើតាមសារព័ត៌មានដដែលនេះ ក្នុងអំឡុងកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទខាងលើ លោក ត្រាំ បានធ្វើការអំពាវនាវឲ្យសមភាគីកូរ៉េខាងត្បូង ចាត់វិធានភ្លាមៗនាពេលអនាគត ដើម្បីធ្វើការចរចាជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈលោក មូន បានលើកឡើងដែរថា លោក និងលោក ត្រាំ នឹងជួបគ្នានាពេលឆាប់ៗខាងមុខនេះ សំដៅបន្តការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងបញ្ហាខាងលើ ចំណែកឯលោក ត្រាំ ក៏បានយល់ព្រមផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner