ប្រមុខការទូតកូរ៉េខាងជើងបំភ្លឺអំពីមូលហេតុនាំទៅរកការបរាជ័យ នៃកិច្ចប្រជុំកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម នៅវៀតណាម

វៀតណាម៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងហាណូយ ប្រទេសវៀតណាម រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ បានធ្វើការបកស្រាយហេតុផល ដែលស្ថិតនៅពីក្រោយភាពបរាជ័យនៃកិច្ចប្រជុំកំពូលលើកទីពីរ រវាង លោក ត្រាំ និងលោក គីម ដែលអន្តរជាតិកំពុងចង់ដឹងបំផុត។ លោក រី បាននិយាយថា កូរ៉េខាងជើងបានស្នើឲ្យមានដកទណ្ឌកម្មចំនួន៥ប៉ុណ្ណោះ ក្នុងចំណោមទណ្ឌកម្មទាំង១១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយថា ទណ្ឌកម្មទាំង០៥នោះ គឺបានប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង។

លោកបន្តថា បើអាម៉េរិកព្រមទទួលយកសំណើរនេះ ទីក្រុងព្យុងយ៉ាងនឹងបំផ្លាញចោលរាល់មូលដ្ឋានផលិតវត្ថុធាតុនុយក្លេអ៊ែរក្នុងតំបន់ យ៉ុងប្យុន នៅចំពោះមុខក្រុមអ្នកជំនាញអាម៉េរិកចោលទាំងស្រុង និងជាអចិន្រ្តៃយ៍តែម្តង។ លោកបន្ថែមថា កូរ៉េខាងជើងក៏បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសរសេរជាលាយលក្ខណ៍អក្សរនូវការផ្អាកជាអចិន្រ្តៃយ៍នៃការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួនថែមទៀតផង ប៉ុន្តែអាម៉េរិកបានបោះចោលឱកាសទាំងនេះ ដែលប្រហែលជានឹងគ្មានថ្ងៃទទួលបានម្តងទៀតឡើយ។ លោកសង្កត់ធ្ងន់ថា គោលជំហររបស់កូរ៉េខាងជើងនឹងមិនប្រែប្រួលឡើយ បើទោះបីជាអាម៉េរិកបន្តព្យាយាមស្វែងរកកិច្ចចរចាទៅមុខទៀតក៏ដោយ ហើយថា លោក គីម ប្រហែលជានឹងលែងមានឆន្ទៈចង់បន្តកិច្ចចរចាក៏ថាបានដែរ។

សូមបញ្ជាក់ថា ហេតុផលរបស់លោក រី យ៉ុងហូ គឺផ្ទុយពីអ្វីដែលលោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃព្រហស្បតិ៍តម្សិលមិញ ដែលធ្វើឡើងបន្ទាប់ពីជំនួបកំពូលរវាងមេដឹកនាំទាំងពីរ បានបិទបញ្ចប់ទៅយ៉ាងតក់ក្រហល និងទាំងពុំមានកិច្ចព្រមព្រៀងអ្វីទាំងអស់ ដោយពេលនោះលោក ត្រាំ បាននិយាយថា កូរ៉េខាងជើងបានទាមទារឲ្យមានការដកទណ្ឌកម្មទាំងអស់តែម្តង ជាថ្នូរនឹងការកម្ទេចមូលដ្ឋានអភិវឌ្ឍន៍នុយក្លេអ៊ែរនៅតំបន់ យ៉ុងប្យុន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner