អភិបាលរងខេត្តពោធិ៍សាត់៖ ការរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា គឺជាចលនាបំផុសគៀងគរឲ្យយុវជនងាកមកលេងកីឡា និងចាកឆ្ងាយពីអំពើឧបាយមុខផ្សេងៗ

អត្ថបទដោយ៖
Kien Sereyvuth

អភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តម អុឹង គឹមលៀង បានបង្ហាញមោទនភាព បន្ទាប់ពីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី១៩ លើទឹកដីខេត្តពោធិ៍សាត់ ក្រោមការគាំទ្រពីសហព័ន្ធកីឡាវាយសីកម្ពុជា និងបណ្តា ក្រុមហ៊ុនឯកជនជាដៃគូ។ ឯកឧត្តមបន្តថា ការទទួលធ្វើជាម្ចាស់ផ្ទះនេះ បានបង្ហាញនូវការចូលរួមយ៉ាងផុសផុល និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាជ័យជម្នះ៧មករា ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជារួចផុតពីរបបប៉ុល ពត ។ ប៉ុន្តែថែមទាំងបានផ្តល់ នូវអត្ថប្រយោជន៍ជួយបំផុស និងគៀងគរឲ្យយុវជនងាកមកចាប់អារម្មណ៍លេងកីឡាវាយសី ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជំនួសការដើរលេងឥតប្រយោជន៍ សេពគ្រឿង និងអំពើឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ហើយចាប់យកអាជីពជាកីឡា ប្រកួតដណ្តើមយកកិត្តិយសជូនខេត្ត និងប្រទេសជាតិ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការទទួលធ្វើជាម្ចាស់លើកនេះ ក៍ជាឱកាសមួយសម្រាប់វាស់ស្ទង់សមត្ថភាពកីឡាករ-ការិនី វាយសីនៅក្នុងខេត្ត ដើម្បីបង្ហាញជូនសហព័ន្ធវាយតម្លៃពីភាពវិជ្ជមាន និងកំហុស បច្ចេកទេស កែតម្រូវក្នុងការជំរុញលើកកម្ពស់ឲ្យកីឡាវាយសីរបស់ខេត្ត កាន់តែមានសក្តានុពល ឆ្ពោះចូលរួមចំណែកបណ្តុះបណ្តាលធានធានល្អៗ ជូនសហព័ន្ធ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដោយឡែកឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ដែលដឹកនាំប្រតិភូកីឡាវាយសីខេត្តប៉ៃលិនចំនួន២៧នាក់ចូលរួម បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីដណ្តើមពារង្វាន់៧មករា ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជានេះ ពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ព្រោះវាបានផ្តល់ឱកាសឲ្យខេត្តជាម្ចាស់ផ្ទះបំផុសចលនាអភិវឌ្ឍន៍កីឡារបស់ខ្លួនផង និងលេងកីឡាដើម្បីសុខភាពផង ពិសេសគឺបានបង្កើនទំនាក់ទំនងផ្សារភ្ជាប់នូវចំណងមិត្តភាព ពីខេត្តមួយទៅខេត្ត តាមរយៈការប្រកួតកីឡាវាយសីជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងជួយបំផុសឲ្យយុវជនជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ពីស្មារតី៧មករា ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះប្រជាជនកម្ពុជារួចផុតជីវិតពីកាកាប់សម្លាប់ មកសប្បាយរីករាយក្រោមដំបូលសន្តិភាព សម្បូរសប្បាយ និងមានការរីកចម្រើន ឥតឈប់ឈរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី១៩ ដែលខេត្តពោធិ៍សាត់ទទួលធ្វើជាម្ចាស់ផ្ទះនេះ ដំណើរការប្រកួតរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១៩ ដល់២០ ខែមករា ឆ្នាំ២០១៩ ដោយមានក្លិប និងសមាគម១២ចូលរួម មានកីឡាករ កីឡាការិនី និងប្រតិភូសរុបចំនួន១៥៨នាក់៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner