បារាំងឈរលេខ១ កម្ពុជាលេខ២ នៃព្រឹត្តិការណ៍ « Angkor Ultra-Trail លើកទី៤ ២០១៩នេះ » ក្នុងចំណោមអត្តពលិក ជាង១០០០ពាន់ មកពី៤២ប្រទេស
បារាំងឈរលេខ១ កម្ពុជាលេខ២ និងចិនលេខ៣ នៃព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra-Trail លើកទី៤ ២០១៩ ក្នុងចំណោមអត្តពលិកចូលរួម ប្រមាណជាង១០០០នាក់ មកពី៤២ប្រទេសចូលរួម កើនឡើង៣៥% បើធៀបនឹងឆ្នាំ២០១៨ មានត្រឹមតែ ៦០០នាក់ ប្រកួតលើវិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និងរត់ចម្ងាយ១៦គីឡូម៉ែត្រ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកថា គឺជោគជ័យថ្មីមួយទៀត ក្រោមកិច្ចខិតខំ ប្រឹងប្រែងរៀបចំរវាងក្រសួងទេសចរណ៍ សហការជាមួយ NOCC, ក្រុមហ៊ុន Phoenix Voyages ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីអាជ្ញាធរអប្សរា ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបជាដើម។ ឯកឧត្តម បន្ដថា «ក្រោមការចង្អុលបង្ហាញ របស់ឯកឧត្តម ថោង ខុន និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកត្ដាសន្ដិភាព និងស្ថេរភាពនយោបាយ បានធ្វើឲ្យកម្ពុជាមានឪកាសបង្កើតព្រឹត្តការណ៍ធំៗ ជាពិសេសព្រឹត្តិការណ៍ Angkor Ultra-Trail នេះទទួលបានជោគជ័យ ដោយបានទាក់ទាញកីឡាករ-កីឡាការិនី អាជីពជុំវិញពិភពលោកចូលរួម រួមទាំងប្រជាពលរដ្ឋខ្មែរច្រើនផងដែរ ដែលអាចបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងលឿនរបស់កម្ពុជា ទៅកាន់ពិភពលោក»។
ចំពោះវិញ្ញាសាព្រឹត្តិការណ៍អន្ដរជាតិវិញនេះ មានរត់ចម្ងាយ១២៨គីឡូម៉ែត្រ និងរត់ចម្ងាយ៦៤គីឡូម៉ែត្រ គឺបានចេញដំណើរ នៅម៉ោង៤ទាបភ្លឺ ថ្ងៃទី១៩ ខែមករានេះ នៅទីលានជល់ដំរី រីឯវិញ្ញាសារត់ចម្ងាយ៤២គីឡូម៉ែត្រ និងរត់ចម្ងាយ ៣២គីឡូម៉ែត្រ បានចេញ ដំណើរត្រង់ចំណុចវត្តច័ន្ទគិរី (ហៅភ្នំបូក) ។ បន្ទាប់មកទើបចេញដំណើរវិញ្ញាសារត់ចម្ងាយ ១៦គីឡូម៉ែត្រ នៅទីលានជល់ដំរីវិញ។ តាមគម្រោងវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង១៦គីឡូម៉ែត្រ នឹងបញ្ចប់នៅរសៀលថ្ងៃដដែលនេះ ខណៈវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ នឹងបញ្ចប់ខ្ទង់ម៉ោង ៩ព្រឹកថ្ងៃស្អែក។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាទេសចរណ៍ កម្រិតពាក់កណ្ដាលអាជីព និងអាជីព គឺផ្ដោតសំខាន់រួមមាន៖ ទី១)ពង្រីកផែនការពិពិតកម្មកីឡាទេសចរណ៍ ដែលជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដើម្បីទាក់ទាញ និងផ្ដល់ជម្រើសថ្មីៗ ជូនដល់ភ្ញៀវទេសចរ ទី២)ពង្រីកសក្ដានុពលផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ «ឯក» សៀមរាបអង្គរបន្ថែម ទី៣)រួមចំណែកផ្សព្វផ្សាយអប់រំ កិច្ចគាំពារបរិស្ថាន «ស្អាត និងបៃតង» ក្នុងតំបន់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិសៀមរាបអង្គរ និងទី៤) រួមចំណែកបង្កើនបន្ថែមប្រាក់ចំណូលដល់ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ ពិសេសជួយដល់ប្រព័ន្ធមីក្រូសេដ្ឋកិច្ចជាតិផងដែរ៕





