គ្រោះរញ្ជួយដីក្នុងកម្រិត៥.៩រ៉ិកទ័រវាយប្រហារប្រទេសហ្វីលីពីន ប៉ុន្តែមិនបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរឡើយ
ហ្វីលីពីន៖ មន្រ្តីតាមដានគ្រោះរញ្ជួយដីរបស់រដ្ឋាភិបាលហ្វីលីពីន បានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតមធ្យម៥.៩រ៉ិកទ័របានធ្វើការវាយប្រហារភាគខាងត្បូងប្រទេស នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែមិនបង្កការខួចខាតធំធេងដូចការរំពឹងទុកនោះឡើយ ។
បើតាមមន្រ្តីនៃវិទ្យាស្ថានតាមដានគ្រោះរញ្ជួយដី និងបំផ្ទុះភ្នំភ្លើងហ្វីលីពីន បានបន្ថែមថា គ្រោះមហន្តរាយខាងលើនេះ បានមានកើតឡើងនៅម៉ោង៤និង០៣នាទីព្រឹកព្រលឹមថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ក្នុងជម្រៅដីប្រហែល៤៨គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ១៤៩គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង ហ្គោវើនណឺ ជេនណឺរ៉ូសូ នៃខេត្តមានសក្តានុពល ដាវ៉ូ ។
សូមរំលឹកផងដែរថា កាលពីខែធ្នូ ឆ្នំាមុន គ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិត៧.២រ៉ិកទ័រក៏បានធ្វើការវាយប្រហារទីក្រុងខាងលើនេះផងដែរ ដោយបង្ខំឱ្យអាជ្ញាធរ សម្រេចចិត្តធ្វើការជម្លៀសខ្លួនប្រជាជនជាច្រើន ចេញពីលំនៅដ្ឋានរបស់ពួកគេ ទៅកាន់ទីទួលមានសុវត្តិភាព ប៉ុន្តែគ្រោះធម្មជាតិនេះ មិនបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនោះឡើយ ៕