កីឡាអេឡិចត្រូនិកកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីប្រជែងមេដាយស៊ីហ្គេមនៅហ្វីលីពីន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា មានប្រសាសន៍ថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១៩នេះ គឺមានប្រភេទកីឡាអេឡិចត្រូនិកនេះដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់ផ្ទះមិនទាន់បានបង្ហាញពីវិញ្ញាសាប្រកួតក៏ដោយ។

ជាមួយគ្នានោះ ឯកឧត្តមអះអាងថា ប្រភេទកីឡា E-Sport នេះមានភាពស្មុគស្មាញច្រើន ដោយសារវាមានវិញ្ញាសាច្រើន ដែលយើងត្រូវត្រៀមដើម្បីទទួលបាននូវលទ្ធផលល្អយកមកជូនជាតិរបស់ខ្លួន។ សម្រាប់វិញ្ញាសា MATIC គឺកម្ពុជាធ្លាប់ជោគជ័យច្រើនលើឆាកអន្តរជាតិរួចហើយ ដោយបរទេសដណ្តើមបានជ័យលាភី៣លើក គឺកម្ពុជាដណ្តើមបានជ័យលាភី៣លើកដូចគ្នា។

យើងកំពុងពង្រឹងគុណភាពបច្ចេកទេសលើវិញ្ញាសានេះ ក៏ដូចជាពង្រឹងលើវិញ្ញាសាផ្សេងទៀត ដើម្បីឲ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនាពេលខាងមុខ ក៏ដូចជាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំនេះផងដែរ។

ឯកឧត្តមបញ្ជាក់ទៀតថា ដើម្បីត្រៀមស៊ីហ្គេម ឲ្យបានល្អប្រសើរ គឺសហព័ន្ធជំនាញមួយនេះកំពុង ត្រៀមយុទ្ធសាស្ត្រប្រមូលផ្តុំហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិភ្លាមៗ។ ឧទាហរណ៍ថា បើគេដាក់ វិញ្ញាសា DOTA2 គឺយើងរៀបចំជ្រើសរើសអ្នកលេងពូកែៗថ្នាក់ជាតិយើងទៅប្រកួតតែម្តង មិនមែនយកក្រុមក្លិបនោះទេ។ ចំពោះប្រភេទកីឡាផ្សេងៗ ម្ចាស់ផ្ទះ ហ្វីលីពីនបានចេញអស់ហើយ លើកលែងតែប្រភេទកីឡា E-Sport នេះទេ ដែលមិនទាន់ប្រាប់ឲ្យដឹង ដើម្បីឲ្យយើងបានត្រៀមលក្ខណៈឲ្យកាន់តែល្អប្រសើរ និងមានរយៈពេលយូរខែ។

ទន្ទឹមនឹងគេលាក់វិញ្ញាសានេះ គឺថ្នាក់ដឹកនាំសហព័ន្ធកីឡារូបនេះក៏បានត្រៀមលក្ខណៈផងដែរ ដោយហ្វឹកហាត់ត្រៀមលើវិញ្ញាសាមួយចំនួន ពីព្រោះថា E-Sport ត្រូវការភាពឆ្លាតវៃ ក្នុងការសម្រេចចិត្តលឿន។ សហព័ន្ធ E-Sport នឹងប្រមូលផ្តុំហ្វឹកហាត់ត្រៀមពី៣ទៅ៤ក្រុម ដែលក្នុងនោះក្រុមណាដែលមានក្តីរំពឹងខ្ពស់ ក្នុងការឈានទៅដណ្តើមមេដាយបាន គឺសហព័ន្ធនឹងបញ្ជូនទៅចូលរួមប្រកួត។

ជាចុងក្រោយ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានស្នើឲ្យយុវជននានាចូលរួមលេងកីឡា E-Sport ជៀសវាង យកពេលទំនេរទៅប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយសុខចិត្តញៀននឹង E-Sport គឺល្អប្រសើរ ដោយដាច់ខាតកុំញៀននឹងគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner