កម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះកីឡាប៉េតង់ជើងឯកពិភពលោកឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកកីឡាប៉េតង់ពិភពលោក ជាលើកដំបូងនៅក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានសិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ដែលមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធអន្តរជាតិមួយនេះ នឹងមកជួយជ្រោមជ្រែងដល់ការបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា និងផែនការរៀបចំត្រៀមការប្រកួតជើងឯកពិភពលោក។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់កាលពីពេលថ្មីកន្លងទៅនេះថា ការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០១៩នេះ គឺជាការលើកមុខលើកមាត់របស់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ដែលសហព័ន្ធអន្តរជាតិផ្តល់សិទ្ធិជូនកម្ពុជា ក្នុងការរៀបចំការប្រកួតកម្រិតពិភពលោកជាលើកដំបូងបែបនេះ។

ឯកឧត្តម បានចាត់ទុកថា នេះគឺជាភារកិច្ចដ៏ធំធេង ដែលគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ រួមទាំងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ត្រូវខិតខំរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្កានៅក្នុងកម្រិតពិភពលោកនេះ។ ជាមួយគ្នានេះ ឯកឧត្តមចាត់ទុកផងដែរថា នេះគឺជាឱកាសដ៏ល្អមួយក្នុងការបង្ហាញស្នាដៃរបស់កម្ពុជាអាចធ្វើបាន។

រដ្ឋលេខាធិការរូបនេះអះអាងថា សម្រាប់ការរៀបចំកម្រិតពិភពលោកនេះ គឺកម្ពុជាមានការបារម្ភខ្លះដែរ ប៉ុន្តែប្រសិនបើយើងមិនខិតខំជម្នះរាល់ឧបសគ្គ និងចាប់ផ្តើមធ្វើទេវានឹងមិនទទួលបានលទ្ធផលល្អឡើយ។ ឯកឧត្តមរំពឹងថា ការទទួលធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកកីឡាប៉េតង់នេះ នឹងទទួលបានជោគជ័យ ដែលនឹងមានបណ្តាប្រទេសជិតខាងមួយចំនួនមកសិក្សាពីកម្ពុជាលើការរៀបចំព្រឹត្តិការណ៍អន្តរជាតិបែបនេះ។

បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើទំណាក់ទំនងជាមួយលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ តាមរយៈសារអេឡិចត្រូនិក បានឲ្យដឹងថា លោក Claude Azema នឹងអញ្ជើញមកកម្ពុជារយៈពេល ៧ថ្ងៃនាថ្ងៃទី១៧ ដល់២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងគោលបំណងបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលរយៈពេល៤ថ្ងៃ និងរៀបចំ កិច្ចប្រជុំត្រៀមការប្រកួតជើងឯកពិភពលោក នៅកម្ពុជា ឆ្នាំ២០១៩។

សូមរម្លឹកថា ការទទួលបានសិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ក្នុងការរៀបចំជើងឯកពិភពលោករបស់កម្ពុជា ក្នុងឆ្នាំ២០១៩នេះ គឺក្រោយពេលដែលវិស័យកីឡាប៉េតង់កម្ពុជាធ្លាប់ដណ្តើមបានជ័យលាភីកម្រិតពិភព លោកជាច្រើនសម័យកាល នាពេលកន្លងមក ដូចជាវីរកកីឡាការិនី កែ ឡេង ឈ្នះមេដាយមាស ៣សម័យកាល កាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន និងឈ្នះមេដាយមាសពីការប្រកួតប្រទេសខ្លាំងៗអន្តរជាតិ នៅប្រទេសបារាំង។ ក្រៅពីនោះ កីឡាករប៉េតង់កម្ពុជា សុខ ចាន់មាន ឈ្នះមេដាយមាសជើងឯកពិភពលោក ឆ្នាំ២០១៦ និងកីឡាការិនី អ៊ុក ស្រីមុំ ក៏ធ្លាប់ឈ្នះមេដាយមាស ជើងឯកពិភពលោកផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner