ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិកមានបំណងដកប្រទេសខ្លួនចេញពីអង្គការ NATO

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន New York Times ផ្អែកលើប្រភពពីអតីត និងមន្ត្រីជាន់ខ្ពស់អាម៉េរិកបច្ចុប្បន្នបានរាយការណ៍ថា កាលពីឆ្នាំ២០១៨ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីបំណងម្ដងហើយម្ដងទៀត ក្នុងការដកសហរដ្ឋអាម៉េរិកចេញពីអង្គការ NATO។

ប្រភពបន្តថា ពួកគេមិនប្រាកដ១០០ភាគរយថា លោក ត្រំា ពិតជាមានបំណងដកសហរដ្ឋអាម៉េរិកចេញពីអង្គការណាតូក៏ដោយ ប៉ុន្តែពួកគេនៅតែបង្ហាញការព្រួយបារម្ភដដែលថា ប្រធានាធិបតីអាម៉េរិករូបនេះ អាចនឹងរិះគន់បណ្ដាប្រទេសសមាជិកអង្គការណាតូមួយចំនួនសាជាថ្មី ជុំវិញការបរាជ័យក្នុងការបង្កើនប្រាក់ឧបត្ថម្ភដល់អង្គការណាតូ ក៏ដូចជាការបង្កើនការចំណាយលើកញ្ចប់ថវិកាការពារជាតិ ដែលកំណត់ដោយប្លុកយោធាមួយនេះ។

ប្រភពខាងលើនេះ បានឱ្យដឹងទៀតថា ក្រុមទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកក៏បានបង្កើនការព្រួយបារម្ភរបស់ខ្លួនផងដែរ ចំពោះភាពអាចទៅរួច ដែលលោក ដូណាល់ ត្រាំ នឹងប្រកាសដកសហរដ្ឋអាម៉េរិកចេញពីអង្គការណាតូ ខណៈកន្លងមក លោក ត្រាំ បានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន ក្នុងនោះរួមមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងស្ដីពីបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ជាដើម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner