អ៊ីរ៉ង់បង្ហោះផ្កាយរណបថ្មីមួយទៀត នៅចំពោះមុខការព្រមានពីសហរដ្ឋអាម៉េរិក
អ៊ីរ៉ង់៖ យោងតាមប្រភពពីសារព័ត៌មាន CGTN របស់ចិនបានចុះផ្សាយថា ប្រទេសអ៊ីរ៉ង់បានធ្វើការបាញ់បង្ហោះផ្កាយរណបមួយគ្រឿង ដែលត្រូវបានផលិតនៅក្នុងស្រុកឈ្មោះ ផេយ៉ាម (Payam) កាលពីពេលថ្មីៗនេះ ប៉ុន្តែបានបរាជ័យ ដោយវាមិនអាចហោះចូលទៅដល់គន្លងគោចរនៃភពផែនដីឡើយ។
ការបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់នេះដែរ បានកើតមានឡើងក្រោយប្រមុខការទូតអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ធ្លាប់បានព្រមានទីក្រុងតេហេរ៉ង់ថា អ៊ីរ៉ង់អាចនឹងប្រឈមមុខជាមួយការដាក់ទណ្ឌកម្ម បើសិនជាមិនព្រមលុបចោល គម្រោងបាញ់បង្ហោះផ្កាយរណបនេះទេ ដោយទីក្រុងវ៉ាស៊ីនតោនបានអះ អាងថា វាគឺជាទង្វើរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការបាញ់បង្ហោះផ្កាយរណបខាងលើនេះដែរ រដ្ឋមន្រ្តីទូរគមនាគមន៍អ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ អាហ្សារី ហ្សារ៉ូមី (Mohammad-Javad Azari Jahromi) បានថ្លែងថា ការបាញ់បង្ហោះផ្កាយរណប ផេយ៉ាម (Payam) ដោយគ្រាប់រ៉ុក្កែត បានទទួលជោគជ័យនៅដំណាក់កាលទី១ និងទី២ ប៉ុន្តែវាបានបរាជ័យនៅដំណាក់កាលទី ៣ ដោយមិនអាចចូលទៅគន្លងគោចរនៃផែនដីបាន៕